ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ «ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ»
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការព្រួយបារម្ភ ពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តជាតិ ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នោះ។

នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថា ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយ នៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះមិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។
សម្ដេចតេជោបន្តថា ដីកានេះ ក៏នឹងធ្វើឱ្យមានភាពស្មុគ្រស្មាញដល់ដំណើរការស្វែងរកសន្តិភាព ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតីចិន Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯង ក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណា នៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
សម្ដេចតេជោលើកឡើងថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗ ដូចជា អាម៉េរិក រុស្ស៊ី ឥណ្ឌា និងចិន មិនបានចូលសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយ ដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាម៉ីប្រទេសបានទេ។ ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជា ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ អាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្ដេចមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យភាគីទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោកពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា ប្រសិនបើលោកពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេស សុខចិត្តឱ្យគេចាប់ប្រធានាធិបតីខ្លួនឬទេ។ ចំណុចនេះហើយគឺជាចំណុច ដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរក្លាយទៅជាការពិតទៅហើយ។
សម្ដេចតេជោបន្ថែមថា ការគំរាមកំហែងណាមួយ ទៅលើពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលរងគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនមានត្រឹម ២០-៣០ គីឡូម៉ែត្រនោះទេ គឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងលោកស្រី Maria Alekseyevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ នៃការិយាល័យប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់របស់អ៊ុយក្រែន ទៅកាន់សហព័ន្ធរុស្ស៊ី៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»




ព័ត៌មានជាតិ
កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នា ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំបានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់មកជុំគ្នាក្នុងពេលតែមួយក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជនទស្សនាកម្សាន្ត។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្សដែលកំពុងរក្សាទុកនៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញនាពេលឆាប់ៗខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្សជាដើម កំពុងបន្តកែសម្រួលនិងនាំមកនាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូននិងស្ទើររួចរាល់ទាំងស្រុងហើយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីភូមិមានការរៀបចំកម្មវិធីសម្តែងទាំងសល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕











ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department