ព័ត៌មានជាតិ

ករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នងទាំងស្រុង ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ

BY
srey nuch
March 20, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នងទាំងស្រុង បានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ដោយប្រើប្រាស់ទឹកអស់ ១៤ឡាន។

លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ យូ ដារ៉ា អាយុ៣៦ឆ្នាំ។ ប្រភេទសំណង់ផ្ទះឈើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ០៣ម៉ែត្រ។

លោកវរសេនីយ៍ទោ គង់ ថូ បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឲ្យឆាបឆេះសំណង់មិនរៀបរយអស់ចំនួន ០៥ខ្នងផ្ទះ រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។

ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ទោ គង់ ថូ បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ចំនួន២ឡាន, រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ចំនួន១ឡាន, រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ចំនួន២ឡាន និងរថយន្តក្រុមហ៊ុន កោះនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

លោកវរសេនីយ៍ទោ គង់ ថូ ក៏បានបញ្ជាក់ថា ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: