ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ គប់កញ្ចក់រថយន្តចំនួន២គ្រឿង បណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ និងមួយគ្រឿងទៀតបែកកញ្ចក់ទ្វារចំហៀង ស្ថិតនៅស្រុកបាទី ខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០ មានករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំ ទំហំ ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ ៤សង់ទីម៉ែត្រ គប់ទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះ។

១/.រថយន្តម៉ាកតូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង។
២/.រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទ ដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោជនសង្ស័យក៏រត់គេចខ្លូនបាត់ ។
– មូលហេតុជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ទើបបង្កអោយមានករណីខាងលើនេះកើតឡើង។
– ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០ នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថា និង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕










ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មានបញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។
«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
៣/.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង។
វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖
ទី១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ
ទី២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា អធិការដ្ឋាននគបាលស្រុកបាទី សម្រេចដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីក្រុមអ្នកថតវីដេអូទាំង ៣នាក់នោះ បានធ្វើវីឌីអូសុំអភ័យទោសបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ៕ ទស្សនាវីដេអូដូចខាងក្រោម៖











ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី