ព័ត៌មានជាតិ

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

BY
srey nuch
March 24, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក សរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប ការ ងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ធ្វើឡើងរយៈ ពេល៤ថ្ងៃចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី២៤ខែមីនាឆ្នាំ ២០២៣។សន្និបាតនេះ មានការអញ្ជើញ ចូល រួមពីថ្នាក់ដឹកនាំក្រសួ ងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រ ធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។ វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈ សំខាន់មួយសម្រាប់ទ្រទ្រង់ដល់ការរស់នៅ និងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកឱកាសនេះ ធ្វើការក្រើន រំលឹក និងដាក់ចេញនូវ អនុសាសន៍មួយ ចំនួន ដើម្បីជំរុញលើការងារកសិកម្ម ។ បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងថ្ងៃបើកសន្និបាតនោះថា សន្និបាតនេះ ជាការចូលរួមសមូ ហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែ ជាការ បូក សរុបនោះទេ។ ការបូកសរុបទៀត សោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឱ្យសាធារណ ជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានគូស បញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំ សម្រេច បានចំនួន ៣៤.៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១.៦២លានតោន ដោយ មានអតិរេក (សល់) ៦.២៩លានតោន ដំណាំសាកវប្បកម្មចំនួន ៤.៤២លានតោន និង ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។

ចំពោះការនាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដោយសម្រេចបានលទ្ធផលសរុបជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦ លានតោន ទៅ កាន់ ទិសដៅ ៧៤ ប្រទេស កើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន) ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៣៧ពាន់តោន កើនឡើង ៣.២៣ភាគរយ ធៀបឆ្នាំ២០២១ (៦១៧ពាន់តោន) និងកសិ ផលក្រៅពីស្រូវ អង្ករសម្រេច បាន ៥.៧៨ លានតោន កើនឡើង ១១.៦% ធៀបឆ្នាំ ២០២១(៥.០១លានតោន)។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ ភាគ រយ ក្នុងផលិតផលសរុបក្នុង ស្រុក ។

ដោយឡែក ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោន កើនឡើង ៣.៨ ភាគរយ ធៀបឆ្នាំ២០២១។ ការនាំ ចេញកៅស៊ូ សម្រេចបានជាង ៣៧២ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២៧.៧៧ លានដុល្លារអាមេរិក កើនឡើង១.៨១ ភាគរយ ធៀបឆ្នាំ ២០២១។ ចំពោះវិស័យផលិតកម្មសត្វនៅតែបន្តធានាបានការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់បំពេញតម្រូវការរបស់ប្រជាពល រដ្ឋ។ ក្នុងឆ្នាំ២០២២ ផលិតកម្មសត្វសរុបសម្រេចបាន ៦៥.២០លានក្បាល កើន ឡើង ៨.៨ភាគរយ ធៀបឆ្នាំ២០២១ ក្នុងនោះ ការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់ ៤១ភាគរយ ស្មើនឹង ២៦.៥៦លានក្បាល។ ការអភិវឌ្ឍវារីវប្ប កម្មគ្រប់រូបភាពត្រូវបានជំរុញ ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល និងរក្សា បានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទ និងវារីវប្បកម្មសម្រេចបានជាង ៨៦២ពាន់តោន ក្នុងឆ្នាំ២០២២ កើនឡើង ០.៦៨ភាគរយ ធៀបឆ្នាំ២០២១។

ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើ ក្រសួងបានសហការជាមួយស្ថាប័នស្រាវជ្រាវជាតិ-អន្តរជាតិ និងបានកត់ត្រា ឃើញនូវប្រភេទរុក្ខជាតិ និងសត្វព្រៃថ្មីៗមួយចំនួនថែម ទៀត ដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ, ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង ៧៩ប្រភេទ, បក្សី ១០៨ប្រភេទ, ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ, ថលជលិកសត្វ (សត្វរស់ក្នុងទឹក និងលើគោកបាន) ២៥ប្រភេទ និងបាណកសត្វ និងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: