ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលនោះទេ

BY
srey nuch
March 25, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) និងផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ហើយអារឿង CARDI នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំសូមបញ្ជាក់ជាសាធារណៈ ព្រោះកន្លងទៅមានជាង២០ ក្រុមហ៊ុនបានលើកសំណើសុំយក CARDI គេថា គេស្នើយក CARDI ទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដីកន្លែងនេះ កន្លែងនោះ»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនេះឡើយ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយ បើអ្នកណាយកដី CARDI យកទៅដោះដូរឱ្យឯកជន យកទៅធ្វើនេះ ឬធ្វើនោះ ខ្ញុំនឹងតាមដាក់បណ្ដាសា»។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) នេះគឺជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតវិទ្យាស្ថាននេះ ព្រោះរឿងអ្វីក៏សម្ដេចស្ថិតនៅក្នុងហេតុការណ៍ទាំងអស់។ សម្ដេចតេជោបន្ដថា CARDI នេះ គឺសម្តេចបានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអូស្ត្រាលី និងជាមួយអ៊ីរី ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ «ខ្ញុំសូមផ្ដាំរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្រ្ដីក្រោយ ឱ្យតែហ៊ានដោះដូរ ក៏ខ្ញុំតាមកាច់យកដែរ។ ទុកវាទៅវាមិនផ្អូមទេ របស់ហ្នឹង មិនចាំបាច់រើទៅកន្លែងណាទេ ទុកវានៅកន្លែងហ្នឹង។ ជាកេរ្ដិ៍មរតកដ៏មានតម្លៃដែលយើងបង្កើតបាននៅពូជស្រូវល្អៗ វាចេញពី CARDI »៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: