ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំរីព្រៃញី១ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញបាត់បង់ជីវិត នៅចម្រាំងភ្នំថ្មមួយកន្លែង ខេត្តមណ្ឌលគិរី គឺពុំមានកូនក្នុងផ្ទៃនោះទេ

    BY Khmernote Media March 26, 2023
    ដំរីព្រៃញី១ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញបាត់បង់ជីវិត នៅចម្រាំងភ្នំថ្មមួយកន្លែង ខេត្តមណ្ឌលគិរី គឺពុំមានកូនក្នុងផ្ទៃនោះទេ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញបាត់បង់ជីវិត នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

    សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

    ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី បណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។

    ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើការកោសល្យវិច្ឆ័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានបាត់បង់ជីវិតនោះ មិនមានកូននៅក្នុងពោះឡើយ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

    Share This Post: