ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា១ ត្អូញត្អែរមិនមានទឹកស្អាតប្រើប្រាស់ ដាច់ទឹកជាច្រើនថ្ងៃ ចំណែកទឹក និងធុងដាក់ទឹកនៅទីនោះក៏បន្តឡើងថ្លៃ

    BY Khmernote Media March 26, 2023
    ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា១ ត្អូញត្អែរមិនមានទឹកស្អាតប្រើប្រាស់ ដាច់ទឹកជាច្រើនថ្ងៃ ចំណែកទឹក និងធុងដាក់ទឹកនៅទីនោះក៏បន្តឡើងថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ ចំណែកទឹក និងធុងដាក់ទឹកនៅទីនោះក៏បន្តឡើងថ្លៃដែរ។

    ក្នុងនោះយោងតាមអ្នករាយការណ៍ឈ្មោះ Ja Dina បានគោរពជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ទាំងមូលមិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅទីនេះត្រូវទិញទឹក និងរងចាំទឹកពីអាជ្ញាធរដឹកមកចែក។ ទឹក និងធុងដាក់ទឹកនៅទីនេះក៏បន្តឡើងថ្លៃដែរ។ »​

    គួរជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងដែរថា បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលរួមមាន៖ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករកា, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល, សង្កាត់ចោមចៅ១, ២, និង៣, សង្កាត់កាកាប១, និង២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ ស្ទឹងមានជ័យ១,២ និង៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និង សូមមេត្តាចូលរួមផ្ដល់ព័ត៌មាន ឬសាកសួរអំពីកង្វះទឹកស្អាតមកកាន់ រ.ទ.ស.ភ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៦៧ លោក សោម សុវណ្ណ ឬ លេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ លោក ផេង ទី ឬ ហ្វេសប៊ុកផេក របស់ រ.ទ.ស.ភ ៕

    ប្រភព៖ Kanharith Khieu

    Share This Post: