ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រី ៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន

    BY Khmernote Media March 30, 2023
    ក្រសួងវប្បធម៌ ប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រី ៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។ ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន០៤(បួន)បទ (ដូចមានភា្ជប់ជូននូវបញ្ជី ចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ដែលមានចំណងជើងដូចជា៖

    ១.ស្ពានកំពង់លួង

    ២.ម្លប់ស្នេហ៍ដើមសឡៅ

    ៣.សែនឈឺចិត្ត

    ៤.ប្រពន្ធខាំញេច។

    ជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន នឹងប្រគល់ សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីទាំងនេះតាមសំណើ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមក នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន អាគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ២១៨ ១៤៨ និងE-mail: info@mcfa.gov.kh | facebook Page ឈ្មោះ (នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលDCR)។

    សម្រាប់រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ គឺមានសុពលភាពរយៈពេល ០១(មួយ)ខែ គិតចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: