អភិបាលខេត្តសៀមរាប បញ្ជាឱ្យក្រុមការងារសាងសង់របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ឡើងវិញឱ្យបានលឿន និងទាន់ពិធីបុណ្យចូលឆ្នាំខ្មែរ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាឱ្យក្រុមការងារសាងសង់របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ឡើងវិញឱ្យបានលឿន និងទាន់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ខណៈពេលនេះក្រុមការងារកំពុងតែធ្វើការសិក្សា និងរៀបចំឡើងវិញ។

លោកនាយករដ្ឋបាលបានគូសបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១៧៖៣០នាទីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ក្រុង-ស្រុកចំនួន ១០ រួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ជីក្រែង, អង្គរជុំ, ប្រាសាទបាគង, ក្រឡាញ់, អង្គរធំ, ស្វាយលើ, ស្រីស្នំ និងស្រុកវ៉ាវិន ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាតរបើកដំបូលផ្ទះចំនួន ០៦ខ្នង, បាក់សំយ៉ាបផ្ទះ ០១ខ្នង អគ្គិភ័យឆេះលំនៅឋានចំនួន ០១ខ្នង ។
ដោយឡែកភូមិសាស្ត្រក្រុងសៀមរាបៈឧបទ្ទវហេតុបណ្ដាលឱ្យរលំបាក់របារលម្អតុបតែងភ្លើង ចំនួនពីរទីតាំង រួមានទី១ របារលម្អតុបតែងភ្លើងកាត់ទទឹងផ្លូវ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យប៉ះពាល់មនុស្សចំនួន ០២នាក់ (ស្លាប់ ០១នាក់ របួស ០១នាក់។ អ្នកស្លាប់មានឈ្មោះ ផេង ចន្ធូ ភេទប្រុស អាយុ ៤៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរអាជីវករលក់មាសនៅលើធំថ្មី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ២-ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(រងរបួស)និងខូចខាតម៉ូតូចំនួន ០២គ្រឿង)។ ទី២ របារលម្អតុបតែងភ្លើងស្ពានថ្មព្រះរាជដំណាក់ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពុំមានផលប៉ះពាល់ដល់មនុស្សឡើយ ដោយគ្រាន់តែប៉ះពាល់ខូចខាតសម្ភារគ្រឿងបង្គុំតុបតែងភ្លើង។
ជាមួយគ្នានេះ ក៏មានរលំស្តង់ពិព័រណ៍របស់កម្មវិធីទិវាវប្បធម៌ជាតិ ៣មីនា ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៩-៣១ ខែ មីនា ឆ្នាំ២០២៣ ស្ថិតនៅសួនច្បារមាត់ស្ទឹងសៀមរាប ក្បែរសួនច្បារព្រះរាជដំណាក់។
លោក លី វណ្ណៈ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធគ្រោះធម្មជាតិនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុងសៀមរាប សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធបានចុះអន្តរាគមន៍ធ្វើការរុះរើរបារតុបតែងលម្អភ្លើងខាងលើ ដើម្បីជួយសម្រួលចរាចរណ៍ រួមទាំងបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងបានផ្ដល់ថវិកា ចំនួន ៥ ០០០ ០០០ រៀល(ប្រាំលានរៀល) ដល់ក្រុមគ្រួសារសពផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន