ព័ត៌មានជាតិ

វត្ថុយក្សចំនួន៧ មានវត្ដមាន និងកំពុងរៀបចំដាក់បង្ហាញនៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ហើយ

BY
Khmernote Media
March 31, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វត្ថុយក្សចំនួន ៧រួមាន ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុក និងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស។ វត្ថុទាំងនេះ នឹងកំពុងរៀបចំដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។ កម្មវិធី”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើង ក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃវត្ថុយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន” ។

កម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញភូមិ។ កម្មវិធីភូមិខ្ញុំនេះ មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា៖ ផ្ទះសិល្ប:ទស្សនីយភាព ផ្ទះសេដ្ឋី, ផ្ទះនំ, សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរ ដែលមានលក់ម្ហូបអាហារ, នំ, ភេសជ្ជ: និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណ សម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ ។ កម្មវិធី”ភូមិខ្ញុំ” នៃព្រឹត្ដិការណ៍អង្គរ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញ នឹងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃ ក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី “នេះមិនមែនជាសុបិន” កម្មវិធីបានបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ កម្មវិធី”សួនមុនីហទ័យ” គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារ:សំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្ប: ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ។កម្មវិធី” ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣” ជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

Share This Post: