រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឱ្យអាជីវកម្មទាំងអស់ ចូលរួមសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការស្នើសុំកិច្ចសហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក។

យោងស្ថានភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាល ឱ្យតំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើមខែ ឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមករុណា អតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូល រួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែល កំពុងខ្វះខាតទឹកប្រើប្រាស់ ឲ្យស្របតាមគោលនយោបាយ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” របស់រាជរដ្ឋាភិបាល តាមរយៈ៖
១. ជួយសន្សំសំចៃទឹក ដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ
២. ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ពីបណ្ដាញទឹករដ្ឋ និងជំនួសវិញដោយត្រូវបើកទឹកបញ្ចូលក្នុង អាងស្តុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់
៣. ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ពីបណ្ដាញទឹក ដែលជាហេតុបណ្តាលឱ្យធ្លាក់សម្ពាធ ទឹក ក្នុង បណ្តាញចែកចាយ មិនអាចបញ្ជូនទឹកទៅតំបន់ជាយក្រុងបាន
៤. ពិនិត្យលទ្ធភាពផ្លាស់ប្តូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ទឹកក្នុងម៉ោងដែលកំពុង មានតម្រូវការគំហុក
៥. ចំពោះទីតាំងលាងរថយន្ត ត្រូវកាត់បន្ថយការប្រើប្រាស់ទឹក និងសូមម្ចាស់យានយន្តកាត់បន្ថយ ឬ ផ្អាកការលាងរថយន្តសម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០២៣នេះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមថ្លែងអំណរគុណ និងសង្ឃឹម ព្រមទាំងជឿជាក់យ៉ាងមុតមាំក្នុងកិច្ច ជួយសហការដោយក្ដីអនុគ្រោះពីសំណាក់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority