ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រងទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាសង្កាត់ចំនួន ៣ ក្នុងខណ្ឌឬស្សីកែវ

    BY Khmernote Media April 3, 2023
    ត្រងទឹកទុកផង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាសង្កាត់ចំនួន ៣ ក្នុងខណ្ឌឬស្សីកែវ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី- ភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣។

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅទំហំ៤០០មម ដើម្បី បង្កើនសម្ពាធទឹក នៅលើផ្លូវជាតិលេខ៥ ពីចន្លោះផ្លូវលេខ១០៨R ទៅផ្លូវលេខ១២០R ចាប់ពីផ្លូវលេខ១០៨R រហូតដល់ផ្លូវលេខ១២០R ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ។

    ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅ៤០០មម ខាងលើនេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ប្រមាណជា០៨ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាព ទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការជីកកាត់តភ្ជាប់បំពង់មេនេះរួច។

    អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ សូម លោកអភិបាល ទទួលនូវការគោរពរាប់អានដ៏ស្មោះ អំពីខ្ញុំ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    Share This Post: