ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរដល់ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតលើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង

    BY Khmernote Media April 4, 2023
    អបអរសាទរដល់ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតលើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង

    យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានចូលរួមអបអរសាទរដល់ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង។

    នេះជាវគ្គផ្ដាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

    សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន ៥ ០០០ដុល្លារ។

    គួរបញ្ជាក់ថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល័យផ្សេងៗ នៃ៤ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងប្រកួត៕

    ប្រភព៖ MoEYS Cambodia

    Share This Post: