ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចចូលរួម! រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្ក្រាន្ដវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃ

    BY Khmernote Media April 6, 2023
    កុំភ្លេចចូលរួម! រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ «សង្ក្រាន្ដវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះភ្សាយរបស់់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំ “សង្ក្រាន្ដវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

    ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ.ស.២០២៣ នៅរាជធានីភ្នំពេញ ខាងមុខនេះ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទី នៃថ្ងៃនីមួយៗ ដោយមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេង កម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

    ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Credit photos: phnompenh view finder

    Share This Post: