ក្រសួងយុត្តិធម៌៖ ថ្ងៃបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យវិសាខបូជា មានទណ្ឌិតចំនួន៦៦៨នាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ២០២៣ខាងមុខនេះ មានទណ្ឌិតចំនួន ៦៦៨ នាក់បានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។
បើតាមក្រសួងយុត្ដិធម៌បានលើកឡើងថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមានចំនួនសរុប ៦៦៨នាក់ ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣នាក់។
សូមជម្រាបជូនថា ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ក្រសួងយុតិ្តធម៌មិនទាន់បានបញ្ជាក់ឱ្យដឹងនៅឡើយនោះទេថា មានទណ្ឌិតចំនួនប៉ុន្មាននឹងត្រូវបន្ធូរបន្ថយទោស និងទណ្ឌិតប៉ុន្មានត្រូវលើកលែងទោសនោះទេ។ ប៉ុន្ដែអ្វីៗនឹងពិនិត្យតាមច្បាប់ដែលមានជាធរមាន ៕


ប្រភព៖ ក្រសួងព័ត៌មាន