ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងការណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

    BY Khmernote Media April 6, 2023
    សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងការណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងការណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

    នៅព្រឹកថ្ងៃទី៦ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

    សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់​ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយ​ដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់​ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការរស់នៅក្នុងសង្គមមួយបានអាចកាត់ផ្តាច់គ្នា​នោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធាន​កិត្តិ​យសរបស់សមាគម តាមការគោរពអញ្ជើញរបស់ ឯកឧត្តមអ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារ​ឧកញ៉ាទាំងអស់នៅកម្ពុជា។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

    ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា មានប្រសាសន៍ជំរាបជូនសម្តេចតេជោ អំពីការបង្កើតឡើង​នូវសមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម។ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោ ជាប្រធានកិត្តិយសរបស់សមាគ គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

    ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម។ ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: