ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធនឹងបទល្មើស បំបែកកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃពីប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ

    BY Khmernote Media April 6, 2023
    ឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ ពាក់ព័ន្ធនឹងបទល្មើស បំបែកកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃពីប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធនឹងបទល្មើស វាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃ ពីប្រជាពលរដ្ឋ និងលួចដោះយកផ្លាកលេខរថយន្ត។

    ហេតុការណ៍នេះ បានឱ្យដឹងថា នៅថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្រុមជនសង្ស័យបានវាយកញ្ចក់រថយន្តលួចយកលុយ និងសម្ភារមានតម្លៃ ពីរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅទីនោះ រួចលួចយកកាបូបលុយរបស់ប្រជាពលរដ្ឋដែលដាក់នៅក្នុងរថយន្ត ក្នុងកាបូបនោះមាន៖

    -លុយខ្មែរចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀល)
    -លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួនរួមឯកសារ ព្រមទាំងសម្ភារមួយចំនួនទៀត។

    បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៌ទោស្នងការ បានបញ្ជាកម្លាំងនគរបាលធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង ៣០នាទីព្រឹក ធ្វើការបង្ក្រាបបានទាំងស្រុង ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

    ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
    ១-ឈ្មោះ SHEN AO ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០៦-០៦-១៩៨០ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    ២-ឈ្មោះ JIN CHANGGE ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ០១-០១-១៩៦៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    ៣-ឈ្មោះ LI HONGYUAN ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ១០-០៦-១៩៦៧ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    វត្ថុតាងចាប់យកបាន៖
    -លុយខ្មែរចំនួន ២០,០០០,០០០៛ “ម្ភៃលានរៀល” (ផលនៃអំពើចោរកម្ម)
    -លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួន (ផលនៃអំពើចោរកម្ម)
    -ផ្លាកលេខរថយន្ត ០២គូ (ផលនៃអំពើចោរកម្ម)៖
    ១-បាត់ដំបង 2D-9008
    ២-កែប 2B-2122 ។

    -រថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2BH-1287 (មធ្យោបាយ) រួមនឹងសម្ភារ វត្ថុតាងមួយចំនួនទៀត។

    បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារនិងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន ០៥លើក ក្នុងនោះមាន៖

    វាយកញ្ចក់រថយន្ត លួចយកកាបូបលុយ និងសម្ភារចំនួន ០៣លើក៖

    -លើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវឆ្នេរឯករាជ្យ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូរត្រេះ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី៣ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

    លួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក៖
    -លើកទី១ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (កែប 2B-2122) នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    -លើកទី២ នៅអំឡុងចុងខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (បាត់ដំបង 2D-9008) នៅខេត្តបាត់ដំបង ។

    ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: