ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការប្រើប្រាស់រូបភាពផ្សព្វផ្សាយក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”

    BY Khmernote Media April 6, 2023
    ក្រសួងទេសចរណ៍ ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការប្រើប្រាស់រូបភាពផ្សព្វផ្សាយក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការប្រើប្រាស់រូបភាពផ្សព្វផ្សាយក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ។

    ក្រសួងទេសចរណ៍បានធ្វើការបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួង ផ្សព្វផ្សាយអំពីសារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដែលខ្លឹមសារទាំងនេះគឺជាផ្នែកមួយនៃ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” របស់រាជរដ្ឋាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ សំដៅស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ ដោយផ្ទាល់ និងដោយប្រយោលពីវិស័យទេសចរណ៍។

    យ៉ាងណាមិញ ក្រសួងទេសចរណ៍មានសេចក្ដីសោកស្តាយយ៉ាងក្រៃលែង ដោយបន្ទាប់ពីការបង្ហោះនូវ ខ្លឹមសារខាងលើ ក្រសួងបានទទួលនូវមតិរិះគន់ និងប្រតិកម្មអវិជ្ជមានពីសាធារណជន ដោយចោទប្រកាន់ថា បានប្រើប្រាស់រូបភាពមិនត្រឹមត្រូវ និងរំលោភលើកម្មសិទ្ធិបញ្ញា ជាដើម។ ឆ្លើយតបទៅនឹងករណីខាងលើ ក្រសួងទេសចរណ៍សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជនទាំងអស់ ដូចខាងក្រោម៖

    ទី១. ក្រសួងទេសចរណ៍បានទទួលសិទ្ធិប្រើប្រាស់ដោយស្របច្បាប់ លើរូបភាពដែលបានប្រើប្រាស់ក្នុង យុទ្ធនាការខាងលើ ដោយក្នុងនោះ រូបភាពមួយចំនួនបានស្នើសុំទិញសិទ្ធិប្រើប្រាស់ រូបភាពមួយ ចំនួនបានមកពីកម្មវិធីប្រកួតប្រជែងរូបភាពដែលរៀបចំឡើងដោយក្រសួងផ្ទាល់ និងរូបភាពដទៃទៀត គឺទទួលបានពីប្រភពបើកចំហ (Open Source) ដែលអនុញ្ញាតឱ្យសាធារណជនទាញយកដោយសេរី និងស្របច្បាប់។

    ទី២. រូបភាពដែលប្រើប្រាស់ក្នុងយុទ្ធនាការខាងលើ គឺជារូបភាពដើមរបស់កម្ពុជា ។ ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវដល់សាធារណជន មេត្តាឈប់ចែកចាយបន្ត និង កែតម្រូវការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះតទៅទៀត ចៀសវាងបង្កផលប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។

    ក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនដែលចង់ចែករំលែកជាមួយ ក្រសួងទេសចរណ៍នូវរូបភាពពាក់ព័ន្ធនឹងទេសភាពស្អាតៗ បទពិសោធន៍ទេសចរណ៍ល្អៗ និងពេលវេលាដ៏អស្ចារ្យ របស់ខ្លួននៅកម្ពុជា សំដៅចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា ដើម្បីប្រយោជន៍ជាតិជារួម សូមមេត្តាទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ (០៨៦ ៤៣៣ ៣៨៦) ឬ តេឡេក្រាម តាមរយៈ QR Code នៅខាងក្រោម ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: