ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ ប្រកាសពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ ដោយមានប្រាក់ឈ្នួល

    BY Khmernote Media April 7, 2023
    ក្រសួងការងារ ប្រកាសពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ ដោយមានប្រាក់ឈ្នួល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣។

    សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ ក្នុងរយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

    ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំ ឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរវេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹង ប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

    ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៤៣/២២ ខាងលើ។

    ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួម អនុវត្តវិធានការ “៣ការពារ និង៣កុំ” និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post: