ឯកឧត្តម ខៀវ កាញារីទ្ធឧបត្ថម្ភប្រាក់ ១០០០ដុល្លារទៅកាន់កីឡាករ Thiago Teixeir ក្រោយត្រូវស្ថាប័នម៉ឺយថៃពិភពលោកដកហូតខ្សែក្រវ៉ាត់ និងមិនឱ្យលុយ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មុននេះបន្តិចបានប្រកាសឱ្យពលរដ្ឋខ្មែរជួយផ្ដល់ជាលុយទៅកាន់កីឡាករប្រដាល់ Thiago Teixeir ផង ដោយឯកឧត្តម ខៀវ កាញារីទ្ធផ្ទាល់ ឧបត្ថម្ភប្រាក់ចំនួន ១០០០ដុល្លារ ។

នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ។ »
គួរជម្រាបជូនថា កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់បានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ។




ប្រភព៖ ឯកឧត្តម Kanharith Khieu