សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់គ្រូជោគជ័យ សូមរៀបពាក្យនិយាយឱ្យបានសមរម្យ និងត្រូវរៀនសូត្រពីអក្សរសាស្រ្តខ្មែរឱ្យបានជ្រៅជ្រះ ដើម្បីក្លាយទៅជាវាគ្មិនដែលល្អ
រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវនិងសំណូមពរដល់គ្រូជោគជ័យ សូមរៀបពាក្យនិយាយអោយបានសមរម្យ និងត្រូវរៀនសូត្រពីអក្សរសាស្រ្តខ្មែរអោយបានជ្រៅជ្រះ ដើម្បីអោយក្លាយទៅជាវាគ្មិនដែលល្អ។ យោងតាមការថ្លែងជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អ្នកដែលនៅក្នុងប្រទេស ខ្ញុំសូមអភ័យទោសចំពោះគ្រូជោគជ័យ ខ្ញុំមិនហាមឃាត់ទេបន្តទៅ នៃបទពិសោធន៍ល្អៗក្នុងជីវិតរបស់ខ្លួន នៅអ្វីដែលខ្លួនបានធ្វើល្អ ជារបៀនៃការគិតគូរ តែកុំឱ្យមានបញ្ហារសើបណាមួយកើតឡើង ថ្លឹងថ្លែងប្រើពាក្យពេចន៍ ហើយរៀនឱ្យបានច្រើន លើបញ្ហាអក្សសាស្ត្រខ្មែរ និងរបៀបនិយាយ។ »
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ « ដើម្បីធ្វើវាគ្មិនមួយបានល្អ ត្រូវស្គាល់អ្នកណាខ្លះ នៅពីមុខរបស់យើង បើមជ្ឈដ្ឋាននឹងជាមជ្ឈដ្ឋានគ្រូពេទ្យត្រូវនិយាយរបៀបម៉េចទាក់ទងប្រធានបទផ្នែកវិជ្ជសាស្ត្រ។ មជ្ឈដ្ឋាន នឹងជាមជ្ឈដ្ឋានគ្រូ និយាយយ៉ាងម៉េចទាក់ទិន នឹងបញ្ហា គរុកោសល្យ និងវិស័យអប់រំ ហើយបើសិនជាភាពចម្រុះ មានបញ្ញវន្តគ្រប់ប្រភេទខុសៗគ្នា ក៏យើងនិយាយតម្រង់បែបណា ដែលអាចឱ្យគេធ្វើសំយោគបាន នេះគ្រាន់ជាការផ្ដាំផ្ញើទេ។ មានអ្នកចេះដឹងលើខ្ញុំច្រើនណាស់ រាប់ទាំងកូនខ្ញុំ ក៏ចេះដឹងលើខ្ញុំដែរ ហើយយើងកុំភ្លេច អ្នកណាក៏ដោយ ក៏អាចក្លាយជាគ្រូយើងបានដែរ។ កសិករម្នាក់ក៏អាចក្លាយជាគ្រូរបស់យើងបានដែរ អ្នកស៊ីក្លូម្នាក់ក៏អាចក្លាយជាគ្រូរបស់យើងបានដែរ។ នៅពេលយើងសួរនាំពីគាត់ នៅអ្វីដែលយើងអត់ចេះ គាត់ឆ្លើយតបមកជាមួយយើងគឺជាការបង្រៀនយើង កុំចាំដល់គ្រូចេញមកពីមហាវិទ្យាល័យថ្នាក់នេះ ថ្នាក់នោះ គឺគ្រាន់តែកសិករម្នាក់ ជនពិការម្នាក់ក៏អាចក្លាយជាគ្រូរបស់យើងម្នាក់បានដែរ ខ្ញុំចាត់ទុកមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាគ្រូរបស់ខ្ញុំ » ៕





ប្រភព៖ ក្រសួងព័ត៌មាន