បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកាសប្រឡងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡង ប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។

លក្ខខណ្ឌសម្រាប់បេក្ខជន ដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ មានដូចខាងក្រោម៖
១- ត្រូវមានសញ្ជាតិខ្មែរពីកំណើត
២- ត្រូវមានអាយុ ៣៥ (សាមសិបប្រាំ) ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមាន អាយុ ៤០ (សែសិប) ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង
៣- ត្រូវមានសញ្ញាបត្រ ចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
៤- មិនដែលមានទោសពីបទមជ្ឈិម និងបទឧក្រិដ្ឋ
៥- ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
និស្សិត និងមន្ត្រីរាជការដែលមានចំណាប់អារម្មណ៍ សូមទាញយកពាក្យសុំចូលរួមប្រឡងប្រជែង ជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ ពីទំព័រហ្វេសប៊ុក “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា Royal Academy for Justice of Cambodia” ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យ រដ្ឋបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងឋិតនៅមហាវិថី ឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម និស្សិត និងមន្ត្រីរាជការទាំងអស់ជ្រាបជាព័ត៌មាន។ បញ្ជាក់៖ បេក្ខជនទាំងពីរភេទ ដែលជាប់កាតព្វកិច្ចក្នុងកិច្ចសន្យា ស្ដីពីការបំពេញមុខងារវិជ្ជាជីវៈ ជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មិនអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងឡើយ ៕

ប្រភព៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា Royal Academy for Justice of Cambodia