បុគ្គលិកម្នាក់ត្រូវបឈ្ឈប់ពីការងារជាបន្ទាន់ក្រោយធ្វើសកម្មភាពលួចលាយឈាមខ្លួនឯងនៅក្នុងស្រាក្រឡុកដើម្បីឲ្យភ្ញៀវទទួលទាន
- BY
- Pheakdey
- April 13, 2023
ជប៉ុន៖ បុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេមួយកន្លែងត្រូវបានបញ្ឈប់ពីការងារជាបន្ទាន់ ក្រោយអ្នកគ្រប់គ្រងហាងបានរកឃើញថា បុគ្គលិករោគចិត្តរូបនេះបានលួចដាក់ឈាមរបស់ខ្លួននៅក្នុងស្រាក្រឡុក (Cocktail) ដើម្បីឲ្យភ្ញៀវពិសារ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងកាហ្វេ The Mondaiji Con Cafe Daku ដែលស្ថិតនៅក្នុងតំបន់ Susukino ភាគខាងលិចប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា នៅក្នុងហាងកាហ្វេខាងលើនេះមានការផ្តល់ជូនកម្មវិធីទទួលទានស្រាក្រឡុកពិសេសមួយ ដោយអតិថិជនគ្រាន់តែចំណាយប្រាក់ ២,៥០០យេន (១៩ ដុល្លារ) នោះពួកគេនឹងមានសិទ្ធអាចញ៉ាំស្រាក្រឡុកបានគ្រប់ប្រភេទនៅក្នុងរយៈពេល ១ម៉ោង។ កម្មវិធីផ្តល់ជូនពិសេសនេះទំនងជាបានធ្វើឲ្យអ្នកក្រឡុកស្រាមិនសូវសប្បាយចិត្តនោះទេ ដ្បិតពួកគេនឹងត្រូវមមាញឹកនឹងការងារជាធម្មតា។ យ៉ាងណាក្តី គេមិនបានដឹងពីមូលហេតុជាក់លាក់ដែលជម្រុញឲ្យអ្នកក្រឡុកស្រាក្នុងករណីខាងលើនេះសម្រេចចិត្តលួចដាក់ឈាមក្នុងខ្លួនឯងក្នុងកែវស្រាឲ្យភ្ញៀវទទួលទាននោះទេ ខណៈសកម្មភាពដ៏ចម្លែកនេះអាចបង្កការចម្លងមេរោគខ្ពស់បំផុតក្នុងករណីដែលបុគ្គលិកជាអ្នកក្រឡុកស្រានោះមានផ្ទុកនូវមេរោគណាមួយដែលអាចបង្កការចម្លងតាមរយៈឈាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






