អភិបាលខេត្តប៉ៃលិន ជំរុញប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិតផលមួយឱ្យបានកាន់តែច្រើន
ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិនជំរុញប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិតផលមួយឱ្យបានកាន់ តែច្រើន ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ការជំរុញឱ្យប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលខ្មែរតាមរយៈចលនាភូមិមួយផលិតផលមួយ គឺជាការចូលរួមចំណែកលើក កម្ពស់ផលិតផលក្នុងស្រុកឱ្យមាន ការកើនឡើង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា បង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិក ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព ។
លោកជំទាវបានបន្តថា ចលនាភូមិមួយមានផលិតផលមួយ គឺសម្រាប់លើកទឹកចិត្តកសិករនៅក្នុងខេត្តដែលបានដាំដុះដំណាំសក្តានុពលមានដូចជា ទុរេន សាវម៉ាវ ក្រូច បន្លែ របស់របរប្រើប្រាស់ ជាពិសេសនោះ មៀនប៉ៃលិន ដែលជាដំណាំងាយស្រួលដាំដុះ ។ «អ្វីដែលសំខាន់ទៅទៀតនោះយើងខិតខំជំរុញផលិតផលដែលមានសក្តានុពលរបស់ខេត្តនៅចលនាភូមិមួយផលិតផលមួយ ពីព្រោះខេត្តប៉ៃលិនមានផលិតផលរបស់ខេត្តច្រើនតាមរយៈប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីយើងជំរុញទាំងអស់នេះគឺសំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់កាត់បន្ថយការចំណាកស្រុកនិងអភិវឌ្ឍន៍ចំណេះ ដឹងបច្ចេកទេសដល់ប្រជាពលរដ្ឋលើកស្ទួយផលិតផលខ្មែរទាំងបរិមាណនិងតម្រូវការក្នុងស្រុក»។ លោកជំទាវបានបន្តថា នៅខេត្តប៉ៃលិនសព្វថ្ងៃមានក្រុមហ៊ុនបរទេសបានបោះទុនវិនិយោគជារោងចក្រកែច្នៃទៅលើផ្លែស្វាយ ផ្លែមៀន ដំណាប់ និងធ្វើស្រាជាដើម ដែលបច្ចុប្បន្នខេត្តក៏មានការខ្វះខាតនូវកសិផលទាំងអស់នេះ ដើម្បីធ្វើការកែច្នៃផងដែរ និងកំពុងប្រមូលទិញពីខេត្តខាងក្រៅ ដោយរោងចក្រកែច្នៃកសិផលទាំងអស់នេះ បានបង្កើតជាការងារដល់ពលរដ្ឋជាច្រើននាក់ផងដែរ ។
លោកជំទាវបានបន្ថែមថា ផលិតផលរបស់ខេត្តប៉ៃលិនដែលមានសក្តានុពលគឺសម្រាប់ធ្វើការប្រកួតប្រជែងក្នុងការកំណត់អត្តសញ្ញាណ ធ្វើជាភូមិមួយផលិតផលមួយ ដែលរាជរដ្ឋាភិ បាលកំពុងតែលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ខិតខំផលិតទាំងដំណាំ ទាំងឈើហូបផ្លែដើម្បីកំណត់អត្តសញ្ញាណនៅក្នុងភូមិឃុំនីមួយៗ តាមមូលដ្ឋាន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់ បន្ថយការចំណាកស្រុក លើក កម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។
សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-១០២២) ខេត្តបានប្រើប្រាស់ផ្ទៃដីដាំដុះដំណាំស្រូវចំនួន ៨.៩៣០ ហិកតា ផ្ទៃដីដំណាំសាកវប្បកម្មចំនួន ១២.២៥៧ ហិកតា និងផ្ទៃដីដាំដុះដំណាំឧស្សាហកម្មចំនួន ៥១.៧៥៩ ហិកតា៕







ប្រភព៖ ក្រសួងព័ត៌មាន