កម្មវិធីប្រណាំងរទេះគោ និងក្របី ក្នុងបរិវេណអង្គរឃ្យុងយូ បានស្រូបទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋរាប់រយនាក់ឱ្យមកទស្សនា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីប្រណាំងរទេះគោ និងក្របី ក្នុងកម្មវិធីអង្គរសង្ក្រាន្ត នៅបរិវេណអង្គរឃ្យុងយូ បានឆក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋរាប់រយនាក់ ឱ្យមកទស្សនា។

លោក មឿន សុខជា ដែលបានមកទស្សនាការប្រណាំងរទេះគោនិង រទេះក្របីនោះ បានប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលលោកបានមកចូលរួមមើលការប្រណាំងរទេះគោ ក្របី នៅឯបរិវេណអង្គរឃ្យុងយូ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ លោកបន្តថា ការប្រណាំងរទេះគោ ក្របីនេះ គឺមានលក្ខណៈប្លែក ហើយនៅទីនេះ គឺមានមនុស្សជាច្រើនបានមកចូលរួមទស្សនា ការប្រណាំងរទេះគោក្របីនេះ យ៉ាងជក់ចិត្តដិតអារម្មណ៍ក្នុងកម្មវិធីនេះ។
លោកយល់ថា ការៀបចំការប្រណាំងនេះ គឺដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា សត្វពាហនៈអាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន។
ការប្រណាំងរទេះគោក្របីគឺជាមរតកវប្បធម៌ដូនតាខ្មែរ ដែលឆ្លុះបញ្ចាំងអំពីវិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រឡាញ់ និងថែរក្សាបរិសា្ថនក្នុងសន្ដានចិត្តរបស់ប្រជាជនខ្មែរ។ ជាពិសេសនោះ ចង់បង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ និងក្របីជាសត្វពាហនៈអាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន។ សូមបញ្ជាក់ថា ការប្រណាំងរទះគោ ក្របីក្នុងថ្ងៃទី១ នៃពីធីចូលឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តមាន២៣គូ ថ្ងៃទីពីរ មាន ២៣និងថ្ងៃទី៣ មាន២០គូ សរុបទាំងបីថ្ងៃនៃពិធីអង្គរសង្រ្កាន្តមានចំនួន ៦៦គូ។ ដោយឡែកសម្រាប់ថ្ងៃចុងបញ្ចប់នេះ អ្នកដែលទទួលបានជ័យលាភីលេខ 4 មាន 3 គូ លេខ3 មាន 3 គូ លេខ 2មាន 3 គូ និងលេខ1មាន៣គូ ៕






ប្រភព៖ ក្រសួងព័ត៌មាន