ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ៖ ពលរដ្ឋជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    BY Khmernote Media April 19, 2023
    រដ្ឋបាលរាជធានីភ្នំពេញ៖ ពលរដ្ឋជិត៥ម៉ឺននាក់ បានជិះរថយន្តក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ប្រជាពលរដ្ឋជិះរថយន្តក្រុង ប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះខ្សែរត់តាមផ្លូវជាតិលេខ៦ច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត ២ម៉ឺននាក់។

    លោក ម៉េត មាសភក្ដី បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមិនយកប្រាក់ឡើយ ។

    សូមបញ្ជាក់ថា កាលពីព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ទៅស្រុកកំណើតតាមខេត្តក្រុងនានា ដោយសាលារាជធានីភ្នំពេញបានរៀបចំ គោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញ-ចូលរាជធានីភ្នំពេញ។

    ចំណែកសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង និង សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន ២៧៥គ្រឿង ដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់។ ក្នុងនោះមានផ្លូវជាតិលេខ១ មានភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿង មានចំណតនៅស្ថានីយចំណតវាលស្បូវ ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀង រថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល, ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប, ភ្នំពេញ-កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិ៍សាត់, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-បន្ទាយមានជ័យ, ភ្នំពេញ-កំពង់ធំ រថយន្តសរុប ១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប រថយន្តចំនួន១០០គ្រឿង ទីតាំងចំណតគឺនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ។ ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម, ភ្នំពេញ- ត្បូងឃ្មុំ រថយន្ត ១០គ្រឿងទីតាំងចំណតគឺនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ។

    ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ឱ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus )រាជធានីភ្នំពេញ ដែលប្រកប ដោយសុវត្ថិភាព និងផាសុកភាព។

    ឯកឧត្តម បានបន្តថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ។ សម្តេចតែងបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: