ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសលើកលែងកាតព្វកិច្ចពាក់ម៉ាស និងលើកលែងការតម្រូវអោយធ្វើតេស្តរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទ

    BY Khmernote Media April 19, 2023
    សម្តេចតេជោ ហ៊ុន សែន  ផ្ញើសារពិសេសលើកលែងកាតព្វកិច្ចពាក់ម៉ាស និងលើកលែងការតម្រូវអោយធ្វើតេស្តរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទ

    រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមសារសម្លេងក្នុងតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស និងលើកលែងការតម្រូវអោយធ្វើតេស្តរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ថ្ងៃនេះ ខ្ញុំព្រះករុណាចេញសារ ដើម្បីទូប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ បន្ទាប់ពីចូលឆ្នាំ យើងបានពិនិត្យឃើញថា កូវីដ-១៩ នឹងមិនមានការឆ្លងរាលដាលនោះទេ ហើយប្រសិនជាមានគឺមានចំនួនតិចតួចណាស់។ ករណីបែបនេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលពិនិត្យឡើងវិញ អំពីវិធានការនានា។ »

    ដោយយោងតាមសំណើររបស់ក្រសួងសុខាភិបាល សម្តេចតេជោ បានសម្រេចលើកលែងកាតព្វកិច្ច ជួបជុំការពាក់ម៉ាស សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្តែបុគ្គលម្នាក់ៗគឺអាចពាក់ម៉ាស តាមជម្រើសរៀងៗខ្លួន។ សម្តេចតេជោ បានបន្តថា ចាប់ពីពេលនេះតទៅ ពុំមានការចាំបាច់ណាមួយ ដើម្បីឱ្យនិស្សិត ឬអ្នកដែលចូលរួមនៅក្នុងអង្គពិធី ជាសន្និបាតតាមស្ថាប័នរដ្ឋ ឬវិស័យឯកជន ដែលជួបជុំគ្នានោះពាក់ម៉ាសទៀតនោះទេ។ ដូច្នេះចាប់ពីពេលនេះទៅ គឺយើងអាចសន្សំបានថែមទៀតនូវចំនួនម៉ាស់ដែលយើងត្រូវប្រើប្រាស់ ការជួបជុំក្នុងពិធីម្ដងៗ ។

    ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរក្សាអនាម័យតាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឲ្យបានញឹកញាប់។ សម្ដេចតេជោ បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្ដតាមដានវាយតម្លៃឲ្យបានជាប់ជាប្រចាំ លើស្ថានភាពជំងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

    លើសពីនេះ សម្ដេចបានលើកទឹកចិត្តដល់បុគ្គលដែលមានការសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ដោយខ្លួន ព្រមទាំងតាមដានសុខភាពឲ្យបានត្រឹមត្រូវ ៕ សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖

    Share This Post: