ក្រសួងសុខាភិបាល រៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី៣២
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបថា ក្នុងព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ រួមមាន៖
– មន្ទីរពេទ្យជាតិចំនួន០៧ (មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក)
– មន្ទីរពេទ្យបង្អែកខេត្តចំនួន០៤ (ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប)។
– ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ (រាជធានីភ្នំពេញចំនួន ៤៥៧នាក់)
– រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង (រាជធានីភ្នំពេញចំនួន ៧២គ្រឿង)
– រថយន្តគ្លីនិកចល័តចំនួន ០៩ គ្រឿង (រាជធានីភ្នំពេញចំនួន ០៦គ្រឿង)
– តង់សុខភាពចំនួន ១១តង់ (រាជធានីភ្នំពេញចំនួន ០៧តង់)។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ និងសូមជូនភ្ជាប់មកជាមួយនូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទរថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាលនឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្តែង ៕








