ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែជួយគ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជនកុំឱ្យឡើងថ្លៃតាមអំពើចិត្ត

    BY Khmernote Media April 20, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ប៉ុន្តែជួយគ្រប់គ្រង លើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជនកុំឱ្យឡើងថ្លៃតាមអំពើចិត្ត

    រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ដើម្បីកុំឱ្យឡើងថ្លៃតាមអំពើចិត្ត។

    ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឡើងចុះនៃតម្លៃប្រេងនៅលើពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងសាំងនៅកម្ពុជា ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរកើនឡើងបន្តិចដែរ។ សម្តេចតេជោបន្ដថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានជួយគ្រប់គ្រងលើការលក់ប្រេងរបស់ក្រុមហ៊ុនឯកជន ធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃប្រេងតាមអំពើចិត្ត។ សម្តេចតេជោបានបន្ដទៀតថា មកដល់ពេលនេះ កម្ពុជាមានរថយន្តចំនួនជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ដែលធ្វើឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ «ឥឡូវប្រទេសរបស់យើងមានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង វាច្រើនណាស់ មួយថ្ងៃៗសាំងនោះស្រែកនោះៗ ហើយឥឡូវសាំងវាឡើងថ្លៃ តែមិនយូរទេវាឡើងចុះៗ។ យើងមិនមែនប្រទេសផលិតប្រេងទេ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត»។

    ជាមួយគ្នានេះ សម្ដេចតេជោបានថ្លែងបន្ដថា កាលពីមុនផ្លូវថ្នល់របស់កម្ពុជាមានទំហំ៧ ម៉ែត្រ គឺត្រូវបានចាត់ទុកថាធំហើយ តែឥឡូវពង្រីកដល់ ១២ម៉ែត្រ និងផ្លូវខ្លះឡើងទៅ ដល់២០ ម៉ែត្រ ក៏នៅតែតូចទៀតវាស្ទះវរាចរណ៍ពេញហ្នឹងតែម្តង។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា មានមតិខ្លះលើកឡើថាគួរតែធ្វើដូចប្រទេសសិង្ហបុរី ដែលពីដំបូងមុននឹងអ្នកណាម្នាក់ចង់ទិញឡានគឺបុគ្គលនោះត្រូវទិញសិទ្ធិទិញឡានជាមុនសិនដោយសិង្ហបុរីធ្វើបែបនេះដើម្បីកំណត់កុំឱ្យមានឡានច្រើនពេក។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា៖ «បងប្អូនខ្លះលើកជាមតិថាគួរធ្វើដូចសាំងហ្គាពួរទៅ ខ្ញុំថាអត់ទេ ធ្វើដូចសាំងហ្គាពួរយ៉ាងម៉េច សាំងហ្គាពួរគេដំបូងមុន អ្នកឯងទិញឡាន អ្នកឯងត្រូវបានសិទ្ធិទិញឡានសិន ទិញសិទ្ធិមានឡានជិះ ព្រោះគេកំណត់កុំឱ្យឡានវាច្រើនពេក។ ឥឡូវឡានរបស់យើងមានជាង១លាន ម៉ូតូជាង៥លានវាច្រើនណាស់»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: