និស្សិតផ្លាស្ទិច បង្ហាញទឹកចិត្ដ និងឆន្ទៈខ្ពស់ ព្រមទាំងវិធីងាយៗ ក្នុងការចូលរួមថែរក្សា ការពារបរិស្ថាន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពបរិស្ថានឱ្យមានសម្រស់ស្រស់បំព្រង ទាមទារឱ្យពលរដ្ឋក្នុងប្រទេសនីមួយៗចូលរួមសហការគ្នាថែរក្សាបរិស្ថាន ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ មានឆន្ទៈមោះមុត មិនបោះចោលសំរាមគ្រប់ប្រភេទពាសវាលពាសកាល បង្ហាញគំរូអាក្រក់ដល់មនុស្សតជំនាន់។

និស្សិតផ្លាស្ទិចគឺជាយុវជនដែលផ្ដើមការឈឺឆ្អាលនិងប្រមូលគ្នីគ្នាជាបន្តបន្ទាប់ដើររើស និងប្រមូលសំរាមប្លាស្ទិកនៅមាត់ទន្លេ និងតាមប្រឡាយ និងលូទឹកស្អុយនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។
ដោយមើលឃើញសំរាមគឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ បានជំរុញទឹកចិត្ត និស្សិត ហែម សុភេម កៀរគរមិត្តភក្តិដែលជានិស្សិតដូចគ្នាចូលរួមសម្អាតបរិស្ថាន។ ជាស្ថាបនិកនិស្សិតផ្លាស្ទិច លោក ហែម សុភេម ចាប់ផ្ដើមការងារប្រមូលសម្រាមដោយស្ម័គ្រចិត្តតាំងពីខែមិថុនាឆ្នាំ២០២២។ និស្សិតដេប៉ាតឺម៉ង់ភាសាអង់គ្លេសឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេស (IFL) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បំពេញការងារដោយសា្វហាប់ជាទីបំផុតប្រយុទ្ធនឹងសំរាមប្លាស្ទិក ទោះបីប៉ះពាល់ជីវភាពដោយសារការចំណាយលុយផ្ទាល់ខ្លួនដែលឪពុកម្ដាយផ្ដល់ឱ្យសម្រាប់ការសិក្សាទៅទិញសម្ភារមួយចំនួនសម្រាប់ការ ងារអនាម័យបរិស្ថានក្ដី។
ដំបូងឡើយក្នុងសកម្មភាពដ៏លំបាកតាមប្រឡាយ លូទឹកស្អុយ កាយខ្វេះ ប្រមូលយកកាកសំណល់ ទ្រាំហិតក្លិនអាសោចស្អុយដូចគម្រង់នោះ និស្សិត ហែម សុភេម មិនទទួលបានការគាំទ្រ និងលើកទឹកចិត្តពីជនមួយចំនួនឡើយ។ ពួកគេបែរជានិយាយថា លោកជាមនុស្សស៊ីជោរទៅធ្វើការងារជាមួយរបស់ស្អុយដូច្នេះទៅវិញ។ ឈរលើកត្តាតាំងចិត្តខ្ពស់ ស្ថាបនិកនិស្សិតផ្លាស្ទិច មិនរួញរាឡើយ បន្តដឹកនាំនិស្សិតចុះតាមទីតាំងសំខាន់ៗដូចប្រឡាយទឹកស្អុយស្ទឹងមានជ័យ និង មាត់ទន្លេជាដើម។
មានឪពុកជាគ្រូបង្រៀនវិទ្យាល័យ និង ម្ដាយជាគ្រូបង្រៀនសាលាបឋមសិក្សា នៅខេត្តកំពង់ឆ្នាំង តែងលើកទឹកចិត្តកូនប្រុសដែលចូលចិត្តធ្វើការងារល្អៗក្នុងសង្គមជានិច្ច។ ជាមួយនឹងជីវិតដ៏មមាញឹកនឹងការសិក្សាច្បាប់នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផង លោក ហែម សុភេម មិនដែលបាក់ទឹកចិត្តដោយសារការត្មេះតិះដៀលពីមជ្ឈដ្ឋានណាឡើយ។ ការងារស្ម័គ្រចិត្តប្រមូលសំរាមផ្លាស្ទិកនៅតែស្ថិតក្នុងដួងចិត្តលោកជានិច្ច។
តាមរយៈការថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក ហែម សុភេម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជននៅតាម ស្រុក ខេត្ត ក្រុង ពេលឃើញសំរាមតាមសាលារៀន វត្តអារាម និងតាមទីសាធារណៈឈប់រិះគន់ស្ដីបន្ទោសគ្នាថា សំរាមនេះរបស់អ្នក របស់អ្នកនោះ ខ្ជិលរើសណាស់ ត្រូវយកពេលនេះធ្វើសកម្មភាពទៅ ហើយថតបង្ហោះលើបណ្ដាញសង្គមឱ្យបានច្រើនដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមខ្វល់ខ្វាយពីសំរាមទាំងអស់គ្នា។ ព្រោះបើមានសំរាមច្រើនត្រូវបាន លោក ហែម សុភេម អះអាងថា៖ «វាឆ្លុះបញ្ចាំងទិដ្ឋភាពពីរយ៉ាង៖ ទី១.បង្ហាញពីអត្តចរិតរបស់ ប្រជាពលរដ្ឋយើង ទី២. បង្ហាញពីមុខមាត់របស់ប្រទេសជាតិយើង ប្រសិនប្រើប្រទេសយើងអត់មានសំរាម មានន័យថា អត្តចរិតប្រជាពលរដ្ឋយើងគឺល្អហើយ យើងចេះទុកដាក់ថែរក្សាបរិស្ថានសោភ័ណភាពនៅក្នុងប្រទេសយើងល្អ ហើយមុខមាត់ប្រទេសយើងក៏ល្អដែរ ជនបរទេសគេអត់មើលងាយយើង។ អ៊ីចឹងយើងចាប់ផ្ដើមធ្វើសកម្មភាពគ្រប់កន្លែងទៅ ឱ្យវាក្លាយជារឿងមួយដែលគ្រប់គ្នាធ្វើបាន»។
លោក ហែម សុភេម បានបន្ថែមថា លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាយើងនឹងមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមក្នុងពេលឆាប់ៗខាងមុខនេះ លោក ហែម សុភេម ចង់ឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសោភ័ណភាពបរិស្ថានទាំងអស់គ្នា ដោយគ្រាន់តែប្រើប្រាស់វិធីសាស្ត្រងាយៗ មានត្រឹមតែស្រោមដៃមួយគូ និងថង់មួយ ហើយចូលរួមរើសសំរាមទាំងអស់គ្នា នោះប្រទេសជាតិយើងនឹងមានបរិស្ថានស្អាត ៕














ប្រភព៖ ក្រសួងព័ត៌មាន