មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ណែនាំដល់ឪពុកម្តាយ ឬអ្នកថែទាំជនអូទីស្សឹម និងដោនស៊ីនដ្រូមឱ្យប្រើប្រាស់ភាសា ឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានណែនាំដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹមនិងដោនស៊ីនដ្រូមឱ្យប្រើប្រាស់ភាសា ឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន ដោយបន្តជំរុញលើកទឹកចិត្ត និងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពដែលពួកគាត់បានធ្វើទោះសកម្មភាពខ្លះមិនបានល្អក្តី ខណៈក្រុមគ្រួសារគួររៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ការងារប្រចាំថ្ងៃនិងរៀបចំផែនការអនាគតរបស់ពួកគេ។

ការណែនាំរបស់ឯកឧត្ដមរដ្ឋលេខាធិការបែបនេះ ក្នុងទិវាអូទីស្សឹម និងដោនស៊ីនដ្រូម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឯម ច័ន្ទមករា។
ឯកឧត្ដម ឯម ច័ន្ទមករា បានជំរុញបន្ថែមដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹមនិងដោនស៊ីនដ្រូម ត្រូវបង្ហាត់បង្រៀនកម្មវិធីសិល្បៈ របាំ រួមទាំងការលំហែឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលនេះក៏ជាវិធីសាស្ត្រមួយនៃការជួយកាត់បន្ថយជំងឺស្ត្រេស។ ទន្ទឹមនេះ ត្រូវបន្តជំរុញការកសាងធនធានមនុស្ស សាលារៀន សម្រាប់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឱ្យទទួលបានកម្រិតវប្បធម៌ទូទៅ និងឈានទៅទទួលជំនាញពិតប្រកដប្រកបដោយគុណភាព។
ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា ជនអូទីស្សឹម និងដោនស៊ីនដ្រូមទទួលបានសិទ្ធិពេញលេញ រួមទាំងសិទ្ធិក្នុងការប្រាស្រ័យទាក់ទង សិទ្ធិទទួលបានសេវាសារវ័ន្តនានា និងការលើកកម្ពស់ការចូលរួមស្មើភាពប្រកបដោយសេចក្តីថ្លៃថ្នូរ។ ឯកឧត្ដមបានថ្លែងថា កន្លងទៅក្រុមប្រឹក្សាសកម្មភាពជនពិការ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូមប្រកបដោយប្រសិទ្ធភាព និងបានបង្កឱកាសដល់ពួកគេបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច សិល្បៈ វប្បធម៌ នយោបាយ ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងគ្មានការរើសអើង ដូចប្រជាពលរដ្ឋទូទៅដែរ។
ឯកឧត្ដមរដ្ឋលេខាធិការក៏បានបង្ហាញនូវ៣ចំណុចសម្រាប់ការយកចិត្តទុកដាក់ចំពោះជនមានអូទីស្សឹម ដោនស៊ីនដ្រូម និងជនខ្សោយសតិដែលមានបញ្ហាប្រឈមចម្បងៗរួមមាន ការទទួលបានយុត្តិធម៌ និងមរតកដែលត្រូវទទួលក្រោយ ពីឪពុកម្តាយមរណកាលទៅ និងការទទួលមើលថែបន្ត បន្ទាប់ពីក្រុមគ្រួសារ អាណាព្យាបាល ឪពុក-ម្តាយធ្វើមរណកាលទៅ រួមទាំងការរៀបចំសាលារៀនដែលមានស្តង់ដារត្រឹមត្រូវ និងសម្ភារសម្រាប់សិស្សអូទីស្សឹម ដោនស៊ីនដ្រូម និងខ្សោយសតិបញ្ញានៅតាមរាជធានី-ខេត្ត។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឯម ច័ន្ទមករា ក៏បានថ្លែងបញ្ជាក់ដែរថា កុមារមានអូទីស្សឹមគឺចាប់ពីកុមារមានអាយុ ៣ឆ្នាំ ដោយសារអន្តរកម្មនៃការបាត់បង់ទំនាក់ទំនង បាត់បង់ការចូលរួមសកម្មភាពការងារប្រចាំថ្ងៃ ពិបាកក្នុងការនិយាយ ចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍អន្ទះសារ ពិបាកផ្លាស់ប្តូរទម្លាប់ និងឆេវឆាវហួស។
ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដជំរុញដល់ក្រសួង ស្ថាប័ន និងផ្នែកឯកជនឱ្យទទួលជនអូទីស្សឹម និងដោនស៊ីនដ្រូម ឱ្យចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដែលមានអត្រា ២ភាគរយ សម្រាប់ស្ថាប័នរដ្ឋ និងអត្រា ១ភាគរយ សម្រាប់វិស័យឯកជន៕



ប្រភព៖ ក្រសួងព័ត៌មាន