សិល្បៈ

Hailey Bieber កំពុងស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្តយ៉ាងខ្លាំង ក្រោយមានការរិះគន់ចោទនាងចំអកចិញ្ចើម Selena Gomez

BY
vichhicka
April 21, 2023

បញ្ហាដែលកកើតទៅជាការវែកញែកពេញបណ្តាញសង្គមកាលពីកន្លងទៅនេះ ជុំវិញរឿងរ៉ាវរបស់តារាចម្រៀង Selena Gomez និងតារាម៉ូដែល Hailey Bieber ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានរិះគន់ខ្លាំងៗទៅលើ Hailey Bieber ថានាងមានចេតនាឌឺដងដៀមដាមរឿងចិញ្ចើមរបស់ Selena Gomez។ រឿងរ៉ាវនេះក៏ស្ងាត់ទៅវិញមួយរយៈ ស្រាប់តែពេលនេះ Hailey Bieber និយាយត្រង់ៗថា ជីវិនាងពិតជាពិបាកបំផុតមិនធ្លាប់មាននៅឆ្នាំ ២០២៣នេះ។

ដោយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ តារាម៉ូដែលស្រីវ័យ 26ឆ្នាំរូបនេះបានបង្ហោះសារនៅលើ Instagram របស់ខ្លួនដោយសរសេរថា «ខ្ញុំចូលចិត្តនិយាយលេងសើចពីអារម្មណ៍របស់ខ្លួន ពីព្រោះពេលខ្លះវាងាយស្រួលជាងការសារភាព ថាខ្ញុំមានការលំបាក។ ប៉ុន្តែចាប់តាំងពីចូលឆ្នាំ 2023 មក ខ្ញុំទទួលបានពេលវេលាដ៏សោកសៅ និងលំបាកបំផុត ដែលខ្ញុំមិនធ្លាប់មាននៅក្នុងជីវិតពេញវ័យរបស់ខ្ញុំ ហើយចិត្ត និងអារម្មណ៍របស់ខ្ញុំវាមានភាពទ្រុដទ្រោមខ្លាំង ងាយបាក់ទឹកចិត្ត។ ខ្ញុំដឹងថាមនុស្សជាច្រើននាក់ផ្សេងក៏មានអារម្មណ៍ដូចខ្ញុំដែរ, ដូច្នេះយើងត្រូវចាំថា អ្នកមិនឯកាទេ»។

មិនយូរប៉ុន្មាននាងបានបន្តបង្ហោះជាលើកទីពីរថា «ដូចពាក្យគេនិយាយថា ត្រូវនៅក្បែរគ្នាមើលថែគ្នាទៅវិញទៅមក។ ចូរនៅក្បែរមនុស្សជាទីស្រឡាញ់ និងមិត្តភ័ក្តិ គ្រួសារ និងសូម្បីតែមនុស្សដែលយើងមិនស្គាល់ ត្រូវនៅក្បែរមនុស្សទាំងនោះ។ ត្រូវនៅក្បែរគ្នាគ្រប់ពេលវេលា ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នោះយើងនឹងប្រសើរឡើងទៅជាមួយគ្នា»។

គួរំលឹកផងដែរ រឿងរ៉ាវរបស់តារាស្រីទាំងពីររូបនេះបានស្ងាត់ទៅវិញមួយរយៈ បន្ទាប់ពី Selena ស្នើរសុំអ្នកគាំទ្ររបស់ខ្លួន និងអ្នកលេងបណ្តាញសង្គមមួយចំនួន បញ្ឃប់វាយប្រហារដោយសារប្រើសំដី និងគំរាមទៅលើអាយុជីវិតរបស់ Hailey Bieber តទៅទៀត។ ក្រោយមក Hailey ក៏បានបង្ហោះនៅលើ Instagram Story ផ្ទាល់ខ្លួនរបស់នាង និងអរគុណដល់ Selena ផងដែរ៕

អត្ថបទ៖ វិច្ឆិកា

Share This Post: