សម្ដេចតេជោ ហ៊ុន សែន៖ ចំណាយថវិកា ៧លានដុល្លារបន្ថែមទៀត លើការស្នាក់នៅ និងហូបចុក របស់គណៈប្រតិភូចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាធ្វើម្ចាស់ផ្ទះលើកនេះ ដោយឥតគិតថ្លៃទាំងអស់ អ្នកមកចូលលេងទាំងប្រជាជនកម្ពុជា និងបរទេស «យើងធ្វើឱ្យគេស្គាល់បេះដូងពិតប្រាកដរបស់ខ្មែរយើង» ដោយយើងចំណាយប្រមាណ ៧លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ និងកីឡាការិនី ចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង នៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « យើងធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ ដោយមិនគិតថ្លៃទាំងអស់ អ្នកដែលមកចូលលេង ចូលមើល ទាំងប្រជាជនកម្ពុជា និងជនបរទេស ខ្មែរលើនេះ ធ្វើឱ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ យើងចំណាយប្រមាណជា ៧លានដុល្លារបន្ថែមទៀត ដើម្បីចិញ្ចឹមកីឡាករ និងកីឡាការិនី មិត្តភក្ដិបរទេស ដែលមកចូលរួមប្រកួត។ តាមធម្មតា យើងយកគេ ៥០ដុល្លារ គេយកយើង ៥០ដុល្លារ ជាលក្ខន្តិកៈរបស់គេ ពេលដែលកីឡារបស់យើងទៅប្រកួត ត្រូវបង់ឱ្យម្ចាស់ផ្ទះ ក្នុង១ថ្ងៃ ៥០ដុល្លារ ឯយើងអត់មានឱ្យបង់ថ្លៃនោះទេ យើងទទួលបន្ទុកចិញ្ចឹមគេ ស្នាក់នៅដោយមិនយកថ្លៃ និយាយជារួមមក ថ្លៃ ៥០ដុល្លារហ្នឹង គឺយើងមិនយក។
សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ថា៖ « អ្នកដែលគាំទ្រ សូមរកសណ្ឋាគារនៅដោយខ្លួនឯង យើងទទួលបន្ទុកតែកីឡាករ និងកីឡាការិនី គ្រូបង្វឹក ចំណែកក្រៅពីនោះ អ្នកគាំទ្រទាំងឡាយរកកន្លែងស្នាក់នៅខ្លួនឯង។ យើងធ្វើឱ្យខ្មែរ ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត ហើយខ្ញុំសង្ឃឹមថា ប្រទេសខ្លះ នៅការប្រកួតស៊ីហ្គេមក្រោយៗទៅទៀត ដោយគេឃើញថា កម្ពុជាមិនធ្លាប់យកលុយគេ គេអាចគិតឃើញថា មិនបាច់យកលុយពីកម្ពុជាវិញនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « យកលុយពីគេមក ក៏មិនអាចក្លាយជាអ្នកមានបានដែរ បើយើងលក់សំបុត្រឱ្យប្រជាពលរដ្ឋរបស់យើងចូលមើល ក៏យើងមិនអាចក្លាយជាអ្នកមានបានដែរ ផ្ទុយទៅវិញដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដែលរងចាំរយៈពេល ៦៦ឆ្នាំរួចមកហើយ។ ខ្ញុំ សូមឱ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដែលមានទីតាំងនៃការប្រកួតកីឡាស៊ីហ្គេម សូមមេត្តាយោគយល់ ដល់ការរៀបចំនានា ដែលអាចមានការស្ទះចរាចរណ៍ផងដែរ» ៕

