សាលាគណរាជធានីភ្នំពេញ ស្នើទៅគ្រប់ទីវត្តអារាម វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅថ្ងៃទី២៨ ខែមេសាខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាគណរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល-ណងណុក យៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៧៖២០ នាទី សាលាគណ សូមស្នើព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ ព្រះមេត្តា វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីចូលរួម អបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ។ សេចក្តីដូចបានទូល-ថ្វាយ និងប្រគេនខាងលើ សូមព្រះអនុគណ នឹងព្រះចៅអធិការគ្រប់វត្ត ព្រះមេត្តាចូលរួមសហការអនុវត្តដោយសេចក្តីសោមនស្សរីករាយ៕

ប្រភព៖ សាលាគណរាជធានីភ្នំពេញ