ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ សៅសុខា បញ្ជាឱ្យកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នឹងវាយខ្នោះអ្នកដែលរារាំង និងចេញមុខកាងថែមទៀត

    BY Khmernote Media April 27, 2023
    នាយឧត្តមសេនីយ៍ សៅសុខា បញ្ជាឱ្យកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នឹងវាយខ្នោះអ្នកដែលរារាំង និងចេញមុខកាងថែមទៀត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នឹងវាយខ្នោះអ្នកដែលរារាំង និងចេញមុខកាងថែមទៀតផង។

    ក្រោយឃើញមានគោយន្តដឹកឈើជាច្រើនគ្រឿង យ៉ាងអនាធិបតេយ្យ នៅតំបន់ព្រៃឡង់ នាយឧត្តមសេនីយ៍ សៅសុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ យ៉ាងដូច្នេះថា៖ « ខ្ញុំបញ្ជាឱ្យ លោក​ឧត្តម​សេនីយ៍​ទោ​ ស ​សំបូរ​ធន នាយ​សេនា​ធិការ​ គឺបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់យើង រៀបចំកម្លាំង ១៥០នាក់ ភ្ជាប់ជាមួយកាំភ្លើងគ្រប់ដៃ ហើយនឹងមធ្យោបាយរបស់យើងចេញទៅបង្ក្រាប បើថាចាំបាច់ចង់ប្រើរថពាសដែកក៏បានដែរ ទៅបង្ក្រាបពួកអ្នកបំផ្លាញព្រៃឈើឱ្យអស់តែម្ដង វៃខ្នោះ ទាល់តែអស់ កុំឱ្យពួកហ្នឹងបំផ្លាញព្រៃឈើតទៅទៀត។ ហើយឱ្យសិក្សាផ្លូវឱ្យច្បាស់ នៅតំបន់ព្រៃឈើ ដឹកកម្លាំងអន្តរាគមន៍ចុះបង្ក្រាប ចាប់ចង វៃខ្នោះទាំងអស់ ហើយអ្នកណាចេញមុខមកការពារនូវបទល្មើសហ្នឹង ឱ្យហៅមន្ត្រីរដ្ឋបាលព្រៃឈើទៅសួរនាំឱ្យច្បាស់ អ្នកណាខុស អ្នកណាត្រូវយ៉ាងម៉េច។ ហើយឥឡូវបើស្រុក និងខេត្តគេមិនធ្វើទេ គឺយើងធ្វើ មិនបាច់ហៅអ្នកណាទៅច្រើនទេ អាវុធហត្ថទៅបង្ក្រាបតែម្ដងទៅ បើមានកាំភ្លើងតដៃ បាញ់តទល់គ្នាវិញតែម្ដង»។

    នាយឧត្តមសេនីយ៍ សៅសុខា​ បានបន្តទៀតថា៖ « អ្នកណាដែលស្គាល់ផ្លូវចល័តចូល គ្រប់គ្រងរៀបចំចេញទៅទាំងយប់នេះតែម្ដង មិនចាំស្អែកទាន់នោះទេ​ មិនចាំបាច់ចេញបញ្ជាពីអ្នកណាទេ នេះជាបទល្មើសជាក់ស្ដែង ឃាត់ចាប់ទាំងអស់គ្មានឱ្យរញ៉េរញ៉ៃទេ ហើយប្រមូលទាំងមនុស្ស ប្រមូលទាំងគោយន្ត និងឈើទុកនៅម្ដុំ មិនបាច់សួរស្រុក សួរខេត្តអីទេ សួរអ្នកណាក៏គ្មានបានការអ្វីដែរ ព្រោះមិនឃើញធ្វើអ្វីផង មិនដឹងជាអាងអ្នកណាទេ នៅក្នុងស្រុកខ្មែរ បានជាមកបំផ្លាញព្រៃឈើយ៉ាងសម្បើមបែបនេះ ។ »

    នាយឧត្តមសេនីយ៍ សៅសុខា បានបញ្ជាឱ្យកម្លាំងរៀបចំ យ៉ាងយូរ ៥ម៉ោងទៀត ទៅដល់កន្លែងហ្នឹងហើយ របាយការណ៍មានមកហើយ រូបភាពក៏មានមកហើយដែរ គ្មានឱ្យនរណាម្នាក់រត់រួចខ្លួនឡើង ចាប់ទាំងមនុស្ស ចាប់ទាំងមធ្យោបាយហ្នឹងតែម្ដង ហើយមន្ត្រីណាដែលហានមករារាំង និងចេញមុខកាង ត្រូវចាប់ទាំងអស់ គ្មានឱ្យរួចខ្លួនឡើយ៕

    Share This Post: