កម្ពុជាយកបទពិសោធន៍ព្រឹត្តិការណ៍ប្រទូសរ៉ាយនៅពហុកីឡដ្ឋានប្រទេសមួយចំនួន ដើម្បីបញ្ចៀសស្ថានការណ៍អាក្រក់នៅស៊ីហ្គេម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីការពារសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវបើកជាផ្លូវការនាថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ កម្ពុជាបានត្រៀមកម្លាំងជាស្រេច ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ដូចដែលធ្លាប់កើតមាននៅពហុកីឡដ្ឋានប្រទេសមួយចំនួន។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ និង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា អគ្គស្នងការបានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ រៀបចំផែនការលម្អិតគ្រប់ផ្នែក ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងដោយប្រការណាមួយ។
ករណីកើតឡើងនៅពហុកីឡដ្ឋានប្រទេសមួយចំនួនជាឧទាហរណ៍ស្រាប់ដែលកម្ពុជាបានរៀនសូត្រនិងសម្តែងក្ដីបារម្ភ។ ឯកឧត្តម អ្នកនាំពាក្យ បានថ្លែងថា «អ្វីដែលបារម្ភនោះយើងខ្លាចមានការប្រទូសរ៉ាយនានា បញ្ហាទាំងអស់នេះ យើងក៏បានគិតគូររៀបចំវិធានការបន្ថែម បន្ថែមកម្លាំងតាមគោលដៅដែលព្រួយបារម្ភ និងរៀបចំកម្លាំងអន្តរាគមន៍ឱ្យនៅជិតបំផុតតាមគោលដៅដែលយើងគិត យើងព្យាករណ៍ថា នឹងអាចមានហេតុការណ៍ ជាយថាហេតុកើតឡើង»។
ឆ្លើយតបនឹងការព្រួយបារម្ភ របស់ សម្ដេចតេជោ ហ៊ុន សែន ជាសារសំឡេងតាមតេឡេក្រាមនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ជូនជនរួមជាតិ និងជាពិសេសបងប្អូនយុវជនដែលជាអ្នកគាំទ្រកីឡា ដោយលើកយក ហេតុការណ៍រត់ជាន់គ្នា ក្នុងការប្រកួត ដែលប្រទេសមួយចំនួនបានជួបប្រទះក្នុងរយៈពេលកន្លងទៅ ជាការបាត់បង់សណ្ដាប់ធ្នាប់ និងជារឿងដ៏គ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនថែមទៀតផងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា កម្ពុជាបានត្រៀមកម្លាំងសរុបប្រមាណ២ម៉ឺននាក់ សម្រាប់ការពារទាំងក្នុងទីលានប្រកួត និងក្រៅទីលាន ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវដែលជាគណៈប្រតិភូនៃប្រទេសចូលរួមប្រកួត អត្តពលិក និងកីឡាករ កីឡាការិនី ព្រមទាំងអ្នកទស្សនាកីឡាទាំងអស់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវបើកជាផ្លូវការនាថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ដោយមានកីឡាចំនួន ៣៧ ស្មើនឹង ៥៨១វិញ្ញាសា៕


ប្រភព៖ ក្រសួងព័ត៌មាន