ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់មន្ត្រីថា ត្រូវធ្វើជាមន្ត្រីបម្រើរាស្ដ្រ ដោយភាព ស្មោះត្រង់ កុំធ្វើចៅហ្វាយរាស្ត្រ

    BY Khmernote Media April 28, 2023
    សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់មន្ត្រីថា ត្រូវធ្វើជាមន្ត្រីបម្រើរាស្ដ្រ ដោយភាព ស្មោះត្រង់ កុំធ្វើចៅហ្វាយរាស្ត្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្រើនរម្លឹកដល់មន្ត្រីថា ត្រូវធ្វើមន្ត្រីដោយភាពស្មោះត្រង់បម្រើរាស្ដ្រ កុំធ្វើចៅហ្វាយរាស្ត្រ កុំអាងបានធ្វើមន្ត្រីហើយប្រើអំណាច ធ្វើទាំងទទឹងទិស។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តចតេជោនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន កុំធ្វើជាចៅហ្វាយរបស់ប្រជាជន។ ដូច្នេះត្រូវយកចិត្តទុកដាក់ទៅលើការអប់រំគុណធម៌ សីលធម៌។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីជាច្រើន ដែលបានកំពុងតែខិតខំបំពេញការងារបានយ៉ាងល្អក្នុងការបម្រើប្រជាពលរដ្ឋ។

    ចំពោះការតែងតាំងមន្ត្រី សម្ដេចតេជោនាយករដ្ឋមន្ដី្របានបញ្ជាឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ជ្រើសរើស និងតែងតាំងមន្ត្រី ដែលមានសមត្ថភាពនៅនឹងកន្លែង ដើម្បីជាការលើកទឹកចិត្ត ចំពោះពួកគេ ដែលខិតខំបំពេញការងារកន្លងមក។ សម្ដេចតជោថ្លែងសង្កត់ធ្ងន់ថា ការតែងតាំងមន្ត្រី ដែលបំពេញការងារ និងរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ វាផ្ដល់ប្រយោជន៍ច្រើន ក្នុងការបម្រើការងារដល់ប្រជាពលរដ្ឋ ហើយ ប្រសិនបើយើងជ្រើសរើសយកមន្ត្រីនៅក្នុងមូលដ្ឋាន គឺវាល្អជាងយកមន្ត្រីទៅពីចម្ងាយ។ សម្ដេចតេជោលើកឡើងថា៖ «យើងលើកបញ្ហានេះទៅចុះ ឧទាហរណ៍ថា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក ហើយបើយើងរកមន្ត្រីបាននៅក្នុងខេត្ត ស្រុកនោះ គឺវាជារឿងល្អ។ ចៅហ្វាយខេត្ត អាចថាពិបាកជ្រើសរើសយកទៅដឹកនាំបន្តិច ប៉ុន្តែអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើរើសបាននៅកន្លែងហ្នឹងគឺវាជាកាល្អ»

    សម្ដេចតេជោមានមានប្រសាសន៍បន្ថែមថា ការរើសមន្ត្រីមានសមត្ថភាពនៅនឹងកន្លែង ក៏ជាការកាត់បន្ថយការដណ្ដើមតំណែង និងតួនាទីគ្នាដែរ។ ត្រង់ចំណុចនេះ សម្ដេចតេជោបានបកស្រាយថា កន្លងមក មានមន្ត្រីយោធា និងប៉ូលិសជាដើម មានឋានន្តរសក្តិ សុទ្ធតែផ្កាយ២ ផ្កាយ៣ ដណ្ដើមធ្វើជាចៅហ្វាយខេត្ត ខណៈមន្ត្រីបំពេញការងារក្នុងខេត្តនោះ ប្រឹងប្រែងធ្វើការងារចង់ងាប់។ ដូច្នេះ វាមិនយុត្តិធម៌សម្រាប់មន្ត្រី ដែលខិតខំបំពេញការងារទាំងនោះឡើយ ព្រោះពួកគេក៏ចង់បានតំណែង និងតួនាទីដែរ។

    សម្ដេចនាយករដ្ឋមន្ដ្រីបានប្រកាសដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការ ដើម្បីបានតំណែងអ្វីមួយ គឺត្រូវលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន ដោយជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋានតែម្តង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: