ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកសារព័ត៌មានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានចំនួនប្រមាណជាង ២០០០នាក់

    BY Khmernote Media April 28, 2023
    អ្នកសារព័ត៌មានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានចំនួនប្រមាណជាង ២០០០នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តាមតួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត ។

    នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជាឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (CAMSOC-CAMAPGOC) បានឲ្យដឹងថា ប្រមាណជាពាក់កណ្តាលគឺជាអ្នកសារព័ត៌មានជាតិ និង ពាក់កណ្តាលទៀតមកពីប្រទេសអាស៊ានទាំង១០ និង ទីម័រខាងកើត ។

    ឯកឧត្តមបានបញ្ជាក់ថា «អ្នកសារព័ត៌មានបរទេសដែលបានចុះឈ្មោះមកយកព័ត៌មានច្រើនជាងគេគឺមកពីប្រទេសវៀតណាម ដែលមានចំនួនជិត៥០០នាក់»

    ឯកឧត្តម ផុស សុវណ្ណ បានបន្តទៀតថា ការចុះឈ្មោះសម្រាប់លើកនេះមានទម្រង់ខុសគ្នា កាលពីពេលអាស៊ានបន្តិច ដោយ កាលពីពេលចុះឈ្មោះនៅអាស៊ាន ការងារចុះឈ្មោះទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ក្រសួងតែម្តង ប៉ុន្តែសម្រាប់ការងារលើកនេះគឺក្រសួងចុះឈ្មោះនៅក្នុងប្រព័ន្ធរួមរបស់ CAMSOC ទាំងអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ។

    ឯកឧត្តមបានបន្ថែមថា មកដល់ពេលនេះខាងគណៈកម្មការបានកំពុងតែរៀបចំមជ្ឈមណ្ឌលសោតទស្សន៍អន្តរជាតិមួយ ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានកណ្តាលមួយដើម្បីបម្រើដល់ដំណើរការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិនាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ។

    ឯកឧត្តមបានបញ្ជាក់ថា « មកដល់ថ្ងៃនេះគណៈកម្មការបានរៀបចំមជ្ឈមណ្ឌលសោតទស្សន៍អន្តរជាតិមួយ ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានកណ្តាលបានរៀបចំរួចរាល់ហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ»

    ឯកឧត្តមបានបន្តទៀតថា មកដល់ពេលនេះគណៈកម្មការក៏បានសម្របសម្រួលនូវការនាំចូលសម្ភារនិងបរិក្ខារបស់អ្នកសារព័ត៌មានអន្តរជាតិមួយចំនួន រៀបចំមធ្យោបាយ និង កិច្ចការផ្សេងៗទាក់ទងនឹងដំណើរការយកព័ត៌មាននានា ។

    ឯកឧត្តមបានបន្តទៀតថា មកដល់ពេលនេះការងាររៀបចំទាំងអស់របស់គណៈកម្មការ គឺបានត្រៀមរួចរាល់ដែលអាចនិយាយបានថា ចូលជាង ៩០ ភាគរយហើយ ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវបើកជាផ្លូវការនាថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ដោយមានកីឡាចំនួន ៣៧ ស្មើនឹង ៥៨១វិញ្ញាសា ក្រោមប្រធានបទ«កីឡារស់ក្នុងសន្តិភាព» ។

    ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ឯកឧត្តមបានមានប្រសាសន៍ថា នេះគឺជាលើកទីមួយ ដែលក្រសួងព័ត៌មានបានចូលរួមរៀបចំព្រឹត្តិការណ៍នេះ ប៉ុន្តែដោយផ្អែកនៅលើបទពិសោធន៍អាស៊ានកន្លងមក ទោះជាមាន ការលំបាកខ្លះៗក៏ពិតមែន ប៉ុន្តែក្រុមការងារពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចូលរួមរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានជោគជ័យ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: