សម្តេចតេជោ ហ៊ុន សែន អំពាវនាវនាយឧត្តមសេនីយ សៅ សុខា ឲ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីអំពាវនាវ ចំពោះនាយឧត្តមសេនីយ សៅ សុខា ឲ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ជូនចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា ដ៏ដូចជាកីឡាករបាល់ទាត់កម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ដែលស្នេហាកីឡាបាល់ទាត់ កាលពីម្សិលមិញបន្ទាប់ពីបញ្ចប់ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយលទ្ធផលមិនបានល្អ។ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសុំលាលែងចេញពីតំណែង បន្ទាប់ពីទទួលបានព័ត៌មានឃើញថា មនុស្សជាច្រើនបង្ហាញនូវការខកចិត្ត និងសោកស្ដាយ ចំពោះឯកឧត្តម សៅ សុខា ដែលធ្លាប់ដឹកនាំ បង្កើតការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ សៅ សុខា បន្តការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត ជាមួយការចង់បានរបស់កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ដែលគាំទ្រកីឡាបាល់ទាត់នេះផងដែរ។ សង្ឃឹមថានាយឧត្តមសេនីយ៍ សៅ សុខា នៅតែបន្ដគោរពនូវសំណូមពររបស់សម្ដេច គ្រាដែលសម្ដេចគ្មានសិទ្ធិដាក់បញ្ជាទៅលើសហព័ន្ធកីឡាបាល់ទាត់នោះទេ ប៉ុន្ដែសម្ដេចមានសំណូមពរក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរីកចម្រើនរបស់កីឡាបាល់ទាត់ » ៕

