ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ នឹងបង្ហាញវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ

BY
Khmernote Media
May 17, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នៅថ្ងៃនេះ សម្តេច បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ «បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។»

សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ ។ សូមអរអរគុណ!»

ប្រភព៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

Share This Post: