ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវឱ្យបញ្ឈប់រាល់ការផលិតវីដេអូកំប្លែង ពាក់ព័ន្ធមន្ត្រីឥណទាន(CO) ដែលប្រាស់ចាកពីការពិត

BY
Khmernote Media
May 18, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។ ការអំពាវនាវនេះកើតឡើងដោយសារកន្លងមក ការសម្តែងមួយចំនួន គឺប្រាស់ចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កន្លងមកបានសង្កេតឃើញការផ្សព្វផ្សាយ ដោយយកប្រធានបទ CO និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត តាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនេះត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នាដែលនាំឲ្យយល់ច្រលំថាជារឿងពិត ហើយចំពោះការសម្តែងមួយចំនួន ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភ ចំពោះការផ្សព្វផ្សាយប្រាសចាក ពីការពិតទាំងនោះ ដូច្នេះសូមម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិតដែលអាចបង្កជារូបភាពអវិជ្ជមាន ដល់វិស័យហិរញ្ញវត្ថុ ហើយសមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គម នឹងចូលរួមជាមួយសមាគម ក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ ៕

ប្រភព៖ Cambodia Microfinance Association

Share This Post: