អគ្គិភ័យលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចជំនាញប្រើទឹកអស់ជាង ៧ឡានទើបរលត់
- May 19, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែង បណ្តាលឲ្យរងការខូចខាតអស់ ៣០ភាគរយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិថ្មគោ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ដោយប្រើប្រាស់ទឹកអស់ ០៧ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ ម្ចាស់ឈ្មោះ គុជ វ៉ាន្នី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ម្ចាស់គ្រឿងសង្ហារឹម។ ប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ០៧ម៉ែត្រ គុណ២០ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឲ្យឆាបឆេះខូចខាតសម្ភារប្រើប្រាស់ខាងលើប្រហែល៣០ភាគរយ និងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន និងរថយន្ត ង៧០ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០២ឡាន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕






ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police
- Share This Post:






