ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ ដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងអស់

BY
Khmernote Media
May 22, 2023

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រកាសឧបត្ដម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុង​ប្រព័ន្ធ​ទាំងអស់ទទួលបានគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ការប្រកាសរបស់​សម្ដេច​តេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ​រោងចក្រ​ផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋ​កិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅថ្ងៃនេះខ្ញុំសុំប្រកាស​សម្រាប់​ស្រ្តីដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទាំង អស់ដែលនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារត្រូវទទួលបាននូវរបបឧបត្ថម្ភពេលមានផ្ទៃពោះ។ ខ្ញុំក៏កំពុងប្រាប់ឱ្យឯកឧត្ដម អូនព័ន្ធ មុនីរ័ត្ន ពិនិត្យលទ្ធភាពដើម្បីដំឡើ​ងប្រាក់ឧបត្ថម្ភ»។ សម្តេចតេជោបានបញ្ជាក់ថា បើយើងអនុវត្តន៍បន្ថែមសម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធក៏វាមិនធ្វើឱ្យសេដ្ឋកិច្ចរបស់យើងដួលនោះដែរ តែយើងបានត្រឡប់មកវិញនូវសុខុមាលភាពរបស់ស្ត្រីមានផ្ទៃពោះរបស់យើង។ ដូចនេះ អ្នកមានផ្ទៃពោះពេលទៅពិនិត្យផ្ទៃពោះគឺទទួលបានប្រាក់ឧបត្ថម្ភតែម្តង ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍន៍​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២របស់​កម្ពុជា។ ឯកឧត្ដមបញ្ជាក់ថា ក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុបានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់​មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង​ចិន​ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី​បាន​បញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន «ឆ្នាំមិត្តភាពចិន-កម្ពុជា» ក៏ដូច​ជាខួបលើកទី១០ឆ្នាំនៃ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា​តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លា​របស់​សា​ធារ​ណ​រដ្ឋប្រជាមានិតចិនក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ បានបង្កើត​វិទ្យា​ស្ថាន​ពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញនិងអ្នក​គ្រប់​គ្រង​សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏ដូចជាសហគ្រាសនៅទូទាំងប្រទេ សកម្ពុជា។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនរ៉ល ថាយ​អ៊ឺរ ថកណឡជី(ខេមបូឌា) មានទុនវិនិយោគ៣០០លានដុល្លារអាម៉េរិក ​ជាគម្រោង​វិនិ​យោគ​ធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែល​មា​ន​ទុន​វិនិយោគលើសពី១០០លានដុល្លារ អាម៉េរិក លើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេស​ចិន។ ការវិនិយោគដ៏ធំនេះគឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិ​បាល​កម្ពុជា និងសក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈ ពេល១៥ឆ្នាំ​នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មាន​សក្តានុ​ពល​របស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ។

ឯកឧត្ដម អ៊ិត សំហេង បានបន្ថែមថា រោងចក្រនេះជាប្រភេទរោងចក្រដែល​ប្រើ​ប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុង​ស្រុក​ប្រមាណជិត៥ពាន់តោន ក្នុងមួយឆ្នាំដែលអាចជួយលើកកម្ពស់កម្រិតឧស្សា​ហកម្ម​នៃ​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារកៅ ស៊ូរបស់​កម្ពុជា​និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូ។ ទន្ទឹមនេះ នៅពេលដំណើរ​ការ​ផលិតកម្មរោងចក្រ អាចផលិតសំបកកង់ជិត១,៣លាន សំបកកង់ក្នុងមួយឆ្នាំដែល​នឹងប្រើ​ប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០ នាក់។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា តាមរយៈការវិនិយោគរបស់រោង ចក្រផលិត​សំបក​កង់​នាពេលនេះសង្ឃឹម និងជឿជាក់ថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតនឹងបន្តមកវិនិយោគ​ក្នុងវិស័យនេះបន្តទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: