ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ ក្លែងខ្លួនជាសង្ឃដើរលក់ខ្សែអង្កាំចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋដោយមិនញញើតក្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

BY
Khmernote Media
May 23, 2023

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖

នាប៉ុន្មានថ្ងៃកន្លងទៅនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារអំពីសកម្មភាពមិនប្រក្រតីនៃអ្នកបួសក្នុងសាសនា បានធ្វើសកម្មភាពមិនល្អដូចជាការដើរលក់ខ្សែអង្កាំដោយកំណត់តម្លៃហើយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយមិនញញើត ក្រែង ឬដោយគ្មានការអនុញ្ញាត ដែលបញ្ហានេះបង្កឱ្យកើតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ឃើញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងបញ្ជាដល់ផែនការងារជំនាញដែលមានលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍រួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុង ស្រុកដែលក្នុងនោះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់។

ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះសមត្ថកិច្ចនៃការិយាល័យស៊ើបអង្គេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋានរួមជាមួយនគរបាលក្រុងបាត់ដំបង បានធ្វើការនាំខ្លួនមនុស្សចំនួន ០២នាក់ ដែលតាំងខ្លួនជា(សង្ឃនៃសាសនាជនជាតិចិន)ដើរលក់ខ្សែអង្កាំនិងស្នាក់នៅផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មកធ្វើការសាកសួរ នៅស្នងការដ្ឋាន ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ YAN FENGLONG ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEB 0704 908 ទិដ្ឋាការផុតកំណត់ ០២ ខែមិថុនា ឆ្នាំ ២០២៣។

២-ឈ្មោះ LI RONGCHANG ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ770 711 ទិដ្ឋាការផុតកំណត់ ០២ខែ មិថុនាឆ្នាំ ២០២៣។

តាមការស្រាវជ្រាវបឋមគាត់មិនមែនជាព្រះសង្ឃក្នុងសាសនាទេ ប៉ុន្តែគាត់បានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជា ជាច្រើនដងតាំងតែពីឆ្នាំ២០១៧មកម្ល៉េះហើយថ្មីៗ នេះបានចូលមកទៀតក្នុងខែកុម្ភៈ ២០២៣ដោយទិញខ្សែអង្កាំពីប្រទេសចិនមក ដើរលក់តាមផ្ទះស្លៀកពាក់ជាសង្ឃក្នុងសាសនា ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីចុងឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្លាប់បានឃាត់ខ្លួនក្នុងករណីដូចគ្នានេះ ចំពោះបុគ្គលរូបនេះរួចមកហើយ ប៉ុន្តែនៅពេលនេះត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួននិងរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមសហការពីសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានចូលរួមផ្តល់នូវព័ត៌មានពិតដល់សមត្ថកិច្ច ដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវស៊ើបអង្កតបានទាន់ពេលវេលា។

ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងបន្តចូលរួមសហការដោយភារតភាពបំផុត សូមអរគុណ៕

Processed with Rookie Cam

Processed with Rookie Cam

Processed with Rookie Cam

Processed with Rookie Cam

Processed with Rookie Cam

Processed with Rookie Cam

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: