ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង៖ ឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣ ម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣បឹងទន្លេសាបម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ នេះជាប្រសាសន៍របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅពេលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ មានប្រសាសន៍ទៀតថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ អភិបាលស្រុក រហូតដល់ខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិនិត្យកិច្ចការនេះឡើងវិញ ក្នុងបំណង់ចង់ឱ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលប្រើប្រាស់យូរហើយ អាចអាស្រ័យផលប្រើប្រាស់បានលើដីតំបន់៣នេះ បន្ទាប់មកក្រុមការងាររបស់ខេត្ត ក៏បានចុះពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដែលរហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលេខ៩០ ដើម្បីកាត់ឆ្វៀលដីចំនួន៤ស្រុក មានស្រុកថ្មគោល, សង្កែ, មោងឫស្សី, និង ស្រុកឯកភ្នំ ក្នុងតំបន់មួយចំនួនដែលប្រជាពលរដ្ឋធ្លាប់រស់នៅយូរហើយ ក្នុងតំបន់៣នោះ ដូចជា កោះជីវាំង ព្រៃចាស់មួយចំនួន គឺឱ្យកាត់ឆ្វៀលជាភូមិកររបស់ពួកគាត់ ជាតំបន់១ ជាកម្មសិទ្ធិ ហើយដីរបស់ប្រជាពល រដ្ឋ អាស្រ័យផលយូរហើយ នៅក្នុងតំបន់៣ មិនឱ្យជាកម្មសិទ្ធិទេ ប៉ុន្តែកាត់ឆ្វៀលអាចប្រើប្រាស់អាស្រ័យផលបាន ។
សម្រាប់ ស្រុកមោងឫស្សីនេះ ប្រជាពលរដ្ឋដែលអាស្រ័យផល ធ្វើស្រែក្នុងតំបន់៣មានចំនួន៥ឃុំ គឺឃុំឫស្សីក្រាំង, ឃុំជ្រៃ, ឃុំតាលាស់, ឃុំកកោះ, និងឃុំព្រៃតូច ។ រដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់ នៃតំបន់បឹងទន្លេសាបព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ ១ ៣២៦,១ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន ១៧១គ្រួសារកែសម្រួលតំបន់២មកព្រំតំបន់១ មានទំហំផ្ទៃដីសរុប ៩៨៧,៩៥ហិកតា ស្មើនឹង១ ៥៧៣ក្បាល ដី មានចំនួនគ្រួសារ ១ ២០៩គ្រួសារ ហើយរដ្ឋបាលស្រុក គ្រោងនឹងធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីក្បាលដី មានលក្ខណៈជាប្រព័ន្ធ មានចំនួន ៥ទីតាំង គឺ ទី១-ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង, ទី២- ភូមិដូនទ្រី ឃុំជ្រៃ, ទី៣- ភូមិទួលសាករ ឃុំតាលាស់, ទី៤- ចំណុចទួលសាករត្របែក ភូមិទួលព្រំ២ ឃុំកកោះ, និងទី៥- ចំណុចបាសឹង ភូមិថ្មី ឃុំព្រៃតូច ៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មានបញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។
«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
៣/.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង។
វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖
ទី១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ
ទី២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា អធិការដ្ឋាននគបាលស្រុកបាទី សម្រេចដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីក្រុមអ្នកថតវីដេអូទាំង ៣នាក់នោះ បានធ្វើវីឌីអូសុំអភ័យទោសបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ៕ ទស្សនាវីដេអូដូចខាងក្រោម៖











ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី