សិល្បៈ

សិល្បករអូប៉េរ៉ាខ្មែរ និង សិល្បករអូប៉េរ៉ាអន្ដរជាតិ រួមសម្តែងរឿងដ៏ល្បីរបស់អ៉ីតាលី Madama Butterfly នៅកម្ពុជា

BY
Liny Chan
June 7, 2023

អ្នកចម្រៀង អូប៉េរ៉ា កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញ ដទៃទៀត នឹងចូលរួមសម្ដែងល្ខោន អូប៉េរ៉ា អ៉ីតាលី Madama Butterfly នៅរោងមហោស្រព កោះពេជ្រ ក្នុងរាជធានីភ្នំពេញនាខែធ្នូ ខាងមុខនេះ។

ការសម្តែងនេះនឹងមានព្រះរាជដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមានវត្តមានអ្នកចម្រៀង អូប៉េរ៉ា ខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ នឹងរួមសហការជាមួយក្រុមសិល្បករអូប៉េរ៉ាអន្តរជាតិមកពីអ៉ីតាលី និងជប៉ុនដែល រួម មានអ្នកនាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និងសិល្បករ – សិល្បការិនី ច្រើនរូបទៀត។

ការសម្ដែងល្ខោន អូប៉េរ៉ា រឿង Madama Butterfly នៅប្រទេសកម្ពុជានឹងមានអ្នកសម្តែងជាង ៧០ នាក់រួម ទាំងក្រុមភ្លេង និង ក្រុមចម្រៀង ។ សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹកនាំដោយផលិតករ ជនជាតិអ៉ីតាលី លោក Vincenzo Grisostomi Travaglini និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។

លោក Gabriele Faja នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធីបានមានប្រសាសន៍ថា៖ «ចំពោះការនាំយកល្ខោនអូប៉េរ៉ា មកប្រទេស កម្ពុជា យើងរំពឹងថា នឹងបានបង្ហាញនូវទេពកោសល្យផ្នែកសិល្បៈ និងវប្បធម៌ខ្មែរ។ យើងបានមើលឃើញនូវសមត្ថភាពរបស់អត្ដពលិក និងការ រៀបចំព្រឹត្ដិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជារួចហើយ។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើងស្គាល់នូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស កម្ពុជា។ ទន្ទឹមនឹងនេះ ចំពោះការសម្ដែងរួមគ្នារវាងសិល្បករកម្ពុជា និងអន្ដរជាតិលើឆាកសម្ដែង អូប៉េរ៉ា ដ៏ធំនេះ យើងក៏មានបំណង បង្ហាញមហាជនគ្រប់រូបបានឃើញថា ប្រទេសកម្ពុជាមានទម្រង់សិល្បៈជាច្រើនទៀត»។

ល្ខោនអូប៉េរ៉ានឹងក្លាយ ជាការសម្ដែងមួយ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរកការឧបត្ថម្ភបន្ថែមពីការគាំទ្រពីសំណាក់ដៃគូមួយចំនួនរួចទៅហើយ រួមមាន ស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ Juveris Tenisons។

មហាជនអាចរកជាវសំបុត្របានចាប់ពីខែសីហា ឆ្នាំ២០២៣ តាមរយៈកម្មវិធី Last2Ticket ដើម្បីទទួលយកនូវបទពិសោធកម្មវិធី វប្បធម៌ដ៏អស្ចារ្យនេះ ។
 
ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល ៖ gabi@soundskool.asia

Share This Post: