ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស “S88 BEAUTY” ចំនួន១១ទីតាំងនៅទូទាំងប្រទេស ហើយបន្តស្វែងរកទីតាំងដទៃទៀត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY ចំនួន១១ទីតាំងនៅទូទាំងប្រទេស ហើយបន្តស្វែងរកទីតាំងដទៃទៀត ដើម្បីបិទចោល។ វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស បានបង្កបញ្ហាដល់ភរិយាលោក ពែកមី ដែលស្វែងរកសេវាថែរក្សាសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានពី Freshnews។
កាលពីយប់ថ្ងៃទី៥ ខែសីហា ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកក្រសួង បានចេញសេចក្តីសម្រេចឱ្យមជ្ឈមណ្ឌលនេះ បើកអាជីវកម្មតែមួយទីតាំង ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែម្ចាស់មជ្ឈមណ្ឌល មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ហើយរំលោភលើសេចក្តីសម្រេចរបស់ក្រសួង ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួង។
ទន្ទឹមនឹងការបិទទីតាំងទាំង១១ ដែលបានរកឃើញហើយនោះ ក្រសួងសុខាភិបាល កំពុងស្វែងរកទីតាំងដទៃទៀត ដើម្បីឈានទៅចាត់វិធានការ ហើយក៏នឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ផងដែរ។
សូមបញ្ជាក់ថា ចំណាត់ការរបស់ក្រសួងសុខាភិបាលលើមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY បន្ទាប់ពីមជ្ឈមណ្ឌលនេះ បង្កឱ្យមានបញ្ហាសុខភាពដល់ភរិយារបស់តារាកំប្លែងនាយពែកមី ដែលទៅស្វែងរកសេវាថែរក្សាសម្ផស្ស ដោយព្យួរសេរ៉ូមឱ្យស្បែកស។
ក្រោយព្យួរសេរ៉ូមហើយ ធ្វើឱ្យភរិយារបស់លោក ពែកមី ថប់ដង្ហើម រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕





