អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសទុកពេល ២៤ម៉ោង ដល់បុរសម្នាក់ ប្រើពាក្យមិនសមរម្យមកលើតារាចម្រៀង ស៊ឹម ថៃណា ចេញមកសុំទោសនៅចំពោះមុខ
- August 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា មុននេះបន្តិច បានប្រកាសទុកពេល ២៤ម៉ោង ដល់បុរសម្នាក់ ដែលបានជេរប្រមាថមើលងាយមកលើតារាចម្រៀង ស៊ឹម ថៃណា ចេញមកសុំទោសនៅចំពោះមុខ បើមិនដូច្នេះទេ អ្នកនាងនឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីសុំជំនួយផ្នែកច្បាប់។
តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មកដល់ម៉ោងនេះហើយ ជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយមិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ។ ដូច្នេះក្នុងនាមនាងខ្ញុំជា ប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសូមប្រកាសទុកពេលអោយបុគ្គលនោះរយៈពេល ២៤ម៉ោង ចាប់ពីម៉ោង ២រសៀលនេះ រហូតដល់ម៉ោង ២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត នាងខ្ញុំ និង ប្អូនស្រី ស៊ឹម ថៃណា និងស្នើរទៅម្ចាស់ភោជនីយដ្ឋាន ដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ ហើយនាងខ្ញុំ និងជូនប្អូនស្រីទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់។»
កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការបង្ហោះរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា
បានសរសេររៀបរាប់ ក្នុងហេតុការណ៍យ៉ាងដូច្នេះថា កាលពីយប់ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេចខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។
អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងបន្តទៀតថា៖ «នាងខ្ញុំបានខលទៅប្អូនស្រីដើម្បីសាកសួរព័ត៌មានជាក់លាក់ហើយ ប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលពួកគាត់បំពេញការងារពេលយប់ទោះអាជីពណាក៏ដោយ បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និង ប្អូនស្រីនិងស្នើរទៅក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់ ។»
សូមបញ្ជាក់ផងដែរថា យោងតាមប្រភពក្នុងវីដេអូមួយរបស់ តារាចម្រៀង ស៊ឹម ថៃណា បាននិយាយទាំងអួលដើមក ទឹកភ្នែកស្រក់មកឥតឈប់ បានរៀបរាប់ពីសកម្មភាព បុរសម្នាក់ដែលនាងមិនធ្លាប់ស្គាល់សោះ បានផឹកស៊ីស្រវឹងនៅក្នុងហាងដែលនាងច្រៀងកាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយប្រើពាក្យជេរប្រមាថ ហាក់បីដូចជានាង ជាស្រីខូច ឬស្រីលក់ខ្លួន នៅពេលដែលរូបនាងត្រូវបានអ្នកស្គាល់គ្នាអញ្ជើញឲ្យទៅអង្គុយកំដរក្បែរនោះ។ ភ្លាមៗនោះ តារាចម្រៀង ស៊ឹម ថៃណា ក៏បានឈ្លោះតបវិញដែរ ហើយក៏ដើរចេញ ព្រោះដោយមើលឃើញថា បុរសម្នាក់នោះស្រវឹងខ្លាំងហើយ។ តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមថា ពាក្យប្រមាថទាំងនេះ សូម្បីតែម្ដាយរបស់នាង ក៏មិនដែលប្រើពាក្យបែបនេះដាក់មកលើនាងឡើយ ៕
ប្រភព៖ Chanlakhena Chorn
- Share This Post: