ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ប្រារព្ធ ខួបគម្រប់មួយឆ្នាំក្រោយពីការសម្ពោធរោងចក្រ និងដំណើរការយ៉ាងល្អឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព
ទូកមាស ខេត្តកំពត – ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្ងៃនេះ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយរបស់ប្រទេសកម្ពុជា បានប្រារព្ធពិធីបង្គ្រប់ពេញមួយឆ្នាំដំបូង ចាប់តាំងពីការបើកសម្ពោធរោងចក្រស៊ីម៉ងត៍របស់ខ្លួន នៅទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ រោងចក្រនេះត្រូវបានបើកសម្ពោធនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបីខែបន្ទាប់ពីរោងចក្រនេះបាន ផលិតស៊ីម៉ងត៍ដំបូងរបស់ខ្លួននៅខែវិច្ឆិកា ឆ្នាំ២០១៧។ សព្វថ្ងៃ រោងចក្រមានសមត្ថភាអាចផលិតស៊ីម៉ងត៍ប្រកបដោយគុណភាពខ្ពស់បានជាង ៥.៥០០ តោនក្នុងមួយថ្ងៃ។

ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីនៅប្រទេស កម្ពុជាក្នុងឆ្នាំ ២០១៥ និងជាការវិនិយោគរួមរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement នៅប្រទេសថៃ។ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) មានដើមទុនសរុបចំនួន២៦២ លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះបានផលិតស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារលក់រាយ និងទីផ្សារឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានគុណភាពខ្ពស់ ជាមួយនឹងការត្រួតពិនិត្យស្តង់ដារ និងធានាគុណភាពលំដាប់ពិភពលោក។


លោក Aidan Lynam នាយកប្រតិបត្តិក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានមានប្រសាសន៍ថា ក្រុមហ៊ុនក៏ដូចរោងចក្រផលិតស៊ីម៉ងត៍នៅទូកមាស កំពុងមានដំណើរការយ៉ាងល្អឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព។

“ក្នុងនាមជាក្រុមហ៊ុនឧហ្សាហកម្មធុនធ្ងន់ដែលមានទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានប្តេជ្ញាក្នុងការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព និងសមស្រប និងប្រើប្រាស់មូលធនមនុស្សដ៏ធំទូលាយ និងមានទេពកោសល្យរបស់ខ្លួនដើម្បីសម្រេចគោលដៅនេះ។ យើងប្តេជ្ញាបង្កើតការផ្លាស់ប្តូរសម្រាប់អតិថិជនរបស់យើង ដោយមិនធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។ យើងធ្វើដូច្នេះដោយការអនុវត្តនូវ គោលនយោបាយថែរក្សា បរិស្ថានដ៏សកម្ម ដែលជាផ្នែកសំខាន់នៃទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង។ យើងធ្វើដូច្នេះដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើងទាំងអស់”។
លោក Lynam បានបន្ថែមថា ការផ្តោតការយកចិត្តទុកដាក់នេះមានដំណើរការស្របជាមួយនឹងគោលដៅនៃការរីកចម្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន អតិថិជន និងនិយោជក ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបរិស្ថាន។
“ក្រុមហ៊ុនយើងប្តេជ្ញាជំរុញការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក យ៉ាងហោចណាស់ 10% នៅត្រឹមឆ្នាំ ២០២២។ ដើម្បីសម្រេចគោលដៅនេះ ថាមពលអគ្គិសនីរបស់យើងរហូតដល់ ៣៣% នឹងត្រូវបានជំនួសដោយថាមពលដែលបានមកពីប្រព័ន្ធបម្លែងកម្តៅសំណល់ទៅថាមពល (Waste Heat Recovery System) និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar PV System)។ លើសពីនេះទៅទៀត បច្ចុប្បន្ន យើងកំពុងអភិវឌ្ឍប្រភេទផលិតផលប្រកបដោយនវានុវត្តន៍ ដោយមានសេវាកម្មបច្ចេកទេសមានសមត្ថភាពខ្ពស់ ដែលនាំយើងទៅរកដំណោះស្រាយបរិស្ថានកាន់តែបៃតង សម្រាប់អតិថិជនរបស់យើង។ យើងក៏កំពុងស្វែងរកដំណោះស្រាយសម្រាប់ការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងកំពុងខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុន ដែលអាចផ្ទុកទឹកតាមលក្ខណៈធម្មជាតិច្រើនជាងសេចក្តីត្រូវការរបស់ខ្លួននៅឆ្នាំ ២០២២។
ចាប់តាំងពីការបង្កើតមក ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានផ្តល់ការងារដល់បុគ្គលិកជាង១ពាន់នាក់ ដោយផ្ទាល់ និងដោយប្រយោល ដោយផ្ទេរចំណេះដឹងជាសាកលដល់ប្រជាជនកម្ពុជា ដែលធ្វើការជាមួយក្រុមហ៊ុន។ ក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីវិញ្ញាបនបត្រដែលមានរចនាសម្ព័ន្ធសម្រាប់ជាងសំណង់ចំនួនពីរដងក្នុងមួយឆ្នាំដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ក្រុមហ៊ុន ក៏ផ្តល់ជូននូវ “កម្មវិធីសិក្សាអប់រំវិជ្ជាជីវៈនៅនឹងរោងចក្រ” (EVE) ជាពិសេសដែលជាកម្មវិធីសិក្សារបស់ប្រទេសស្វ៊ីស ដោយមិនគិតថ្លៃដល់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (បាក់ឌុប) នៅខេត្តកំពតដែលមិនមានលទ្ធភាពទទួលបានការអប់រំកម្រិតឧត្តមសិក្សា។

ក្រុមហ៊ុនបានប្តេជ្ញាធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈសកម្មភាពនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រួមមានការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាព អនាម័យ ប្រព័ន្ធធារាសាស្រ្ត ការបង្កើតប្រាក់ចំណូល ការគ្រប់គ្រងកាកសំណល់ និងការយល់ដឹងអំពីបរិស្ថានជាដើម។
នាយកប្រតិបត្តិ លោក Aidan Lynam មានប្រសាសន៍ថា ការបន្តការយកចិត្តទុកដាក់របស់ក្រុមហ៊ុន គឺដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលពឹងអាស្រ័យគ្នាទៅវិញទៅមកនៃការអភិវឌ្ឍប្រកបដោយចីរភាព ទន្ទឹមនឹងនេះ យើងនៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអាទិភាពចម្បងនៃការរក្សាសុវត្ថិភាព តាមរយៈភាពជាអ្នកដឹកនាំច្បាស់លាស់ និងមានការទទួលខុសត្រូវ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ទៀង សុភៈវិជ្ជា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
អ៊ីម៉ែល៖ vichea.tieng@chipmonginsee.com
ទូរស័ព្ទ៖ ០១២/០៦៩ ៩៨៩ ២៧២



