បច្ចេកវិទ្យា

Motorola គ្រោងនឹងចេញទូរស័ព្ទស៊េរីថ្មីបត់បាន ដើម្បីវាយលុកយកទីផ្សារឡើងវិញ

BY
Khmernote Media
March 2, 2019

ថ្មីៗនេះគេសង្កេតឃើញថា ទូរស័ព្ទស្មាតហ្វូន ដែលអាចបត់បាន​កំពុងតែធ្វើការវាយលុកនៅលើទីផ្សារយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន​ Samsung និង Huawei មិនត្រឹមតែប៉ុណ្ណោះគេក៏បានឃើញថាក្រុមហ៊ុន Xiaomi និង Oppo ក៏បានបញ្ចេញនូវទូរស័ព្ទប្រភេទអាចបត់បាននេះផងដែរ​។ យ៉ាងណាមិញក៏មានពាក្យចចាមអារ៉ាមបានលេចឡើងថាក្រុមហ៊ុន Motorola គ្រោងនឹងបញ្ចេញនូវម៉ូឌែលស្មាតហ្វូន ដែលអាចបត់បានប្រភេទ RAZR ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនទាំងនោះ។

តាមរយៈលោក Dan Dery អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Motorola បានធ្វើការបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Motorola ពិតជាកំពុងផលិតនូវទូរស័ព្ទស៊េរីថ្មីប្រភេទនេះពិតមែន​ ដោយលោកនឹងមានគំរោងបញ្ចេញវានាពេលឆាប់ៗខាងមុខនេះ។ ស្របពេលជាមួយគ្នានេះដែរគេក៏សង្កេតឃើញថា ក្រុមហ៊ុន Motorola បានប្រកាសថានឹងបញ្ចេញនូវទូរស័ព្ទម៉ូឌែលថ្មីជំនាន់ក្រោយរបស់ខ្លួននៅរដូវក្តៅ បើទោះជាវាហាក់រៀងយឺតយ៉ាវបន្តិចក៏ដោយ។

លោក Dery ក៏បានបន្តទៀតថា ក្រុមហ៊ុន Motorola កំពុងធ្វើការរចនាប្រភេទទូរស័ព្ទ ដែលអាចបត់បាន ដោយបានសាកល្បងប្រើប្រាស់វិធីជាច្រើន។ លើសពីនេះលោកក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះស្លាកស្នាម ដែលបន្សល់ទុកពីស្នាមបត់ជាច្រើនលើកច្រើនសារនៅលើទូរស័ព្ទប្រភេទនេះ ដោយលោកនឹងសិក្សាបន្ថែមពីបញ្ហានេះ ដើម្បីជៀសវាងបញ្ហាស្នាមសឹក ដែលកើតមានឡើងនៅលើអេក្រង់ទូរស័ព្ទម៉ូឌែលថ្មីនេះ។ យ៉ាងណាមិញរងចាំមើលទាំងអស់គ្នាថា តើទូរស័ព្ទប្រភេទ RAZR របស់ក្រុមហ៊ុន MOtorola អាចនឹងវាយលុកទីផ្សារ ហើយទទួលការគាំទ្រលើក្រុមហ៊ុនដ៏ទៃដែរ ឬទេ?

អត្ថបទ៖ លីនី
ប្រភព៖ phonearena

Share This Post: